លោកមាស ធីបញ្ញា ទិញដីចេញសែក តែសុទ្ធជាសែកស្អុយ

លោកមាស ធីបញ្ញា ទិញដីចេញសែក តែសុទ្ធជាសែកស្អុយ

ផ្តើមចេញពីសន្យាទិញ-លក់ដី ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ រវាង លោក ម៉ម គឹមលី ជាអគ្គនាយកក្រុមហ៊ុន សុក្រិត លែន រៀល អ៊ីស្ទេត ឯ.ក បានលក់ដីទៅឱ្យ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន នូវដីចំនួន៣៤ឡូតិ៍ស្មើនឹងទំហំ ៣៤០០ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតម្លៃព្រមព្រៀងគ្នាចំនួន១៧ម៉ឺនដុល្លារអាម៉េរិក។

ដើម្បីធានាលើការទូទាត់ប្រាក់ជូនភាគីអ្នកលក់ ពោលគឺ ភាគីអ្នកទិញ សំដៅលើ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានចេញសែកចំនួន១០សន្លឹកក្នុងមួយសន្លឹកមានចំនួន ១៧.០០០ដុល្លារអាម៉េរិក ។ ប៉ុន្តែ ក្រោយមក លោក ម៉ម គឹមលី ក៏បានយកសែកមួយសន្លឹកទៅបញ្ជាក់នៅធនាគារ ABA គឺ សែកនេះគ្មានសាច់ប្រាក់នោះទេ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងក្នុងមាត្រា២៣១នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។

លោក ម៉ម គឹមលី បញ្ជាក់ថា ដីទាំងអស់ដែល លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានទិញពីលោក គឺ បានលក់អស់ទៅហើយឱ្យអ្នកដទៃ តែមិនព្រមប្រគល់ប្រាក់មកឱ្យ លោក ម៉ម គឹមលី នោះទេ។

ដោយសារភាគីអ្នកទិញ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន គ្មានឆន្ទះក្នុងការដោះស្រាយដោយសន្តិវិធីនិងគេចវេសនោះ ពេលនេះ លោក ម៉ម គឹមលី បានដាក់ពាក្យបណ្តឹងរួចហើយ។

យោងតាមពាក្យបណ្តឹងរបស់លោក ម៉ម គឹមលី នៅថ្ងៃទី១៣ ខែសីហា បានគោរពជូនប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានទិញដីឡូតិ៍ពីលោក ម៉ម គឹមលី ចំនួន៣៤ឡូតិ៍ មានតម្លៃសរុប១៧ម៉ឺនដុល្លារអាម៉េរិក ។ ចំនួនទឹកប្រាក់ទាំងនោះត្រូវបានទូទាត់ជាដំណាក់កាលនីមួយៗ យោងតាមកិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ និង កិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

លោក ម៉ម គឹមលី ជាដើមបណ្តឹង បានបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន មិនបានទូទាត់ប្រាក់មកឱ្យ លោក ម៉ម គឹមលី ចំនួន១៧ម៉ឺនដុល្លារអាម៉េរិក តាមកាលបរិច្ឆេទដូចបានកំណត់ក្នុងសែក ABA ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នោះទេ ដោយសែកនេះគ្មានសាច់ប្រាក់ឡើយ។

ដើមបណ្តឹង លោក ម៉ម គឹមលី បានសំណូមពរឱ្យលោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះ លោក មាស ធីបញ្ញា និង ប្រពន្ធឈ្មោះ ផាន់ ស៊ីមាន ផង។

ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក មាស ធីបញ្ញា បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP