តំបន់ហាមឃាត់វារីអគ្គិសនីសេសាន២ បើកប៉ារាស់ឲ្យមានរថយន្តដឹកឈើចេញយ៉ាងរលូន

តំបន់ហាមឃាត់វារីអគ្គិសនីសេសាន២ បើកប៉ារាស់ឲ្យមានរថយន្តដឹកឈើចេញយ៉ាងរលូន

ខេត្តស្ទឹងត្រែង៖មានការលើកឡើងថាប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ និងអ្នកភូមិរស់នៅភូមិតាឡាត់ ឃុំតាឡាត់ និងឃុំស្រែគរថ្មី ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បង្ហើបឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ហាមឃាត់វារីអគ្គិសនីសេសាន២ យ៉ាងក៏គគ្រឹតគ្រេងគ្មានសមត្ថកិច្ច ឬមន្ត្រីជំនាញណា ហ៊ានធ្វើការទប់ស្កាត់ បង្ក្រាបឬរាំងស្ទះអ្វីឡើយ។ សព្វថ្ងៃជាតំបន់ហាមឃាត់បានតែពលរដ្ឋប៉ុណ្ណោះ ចំណែក រថយន្តចូលដឹកឈើ សមត្ថកិច្ចកងរាជអាវុធហត្ថ ដែលយាមនៅបារ៉ាស់ច្រកចូលផ្លូវវ៉ារីនោះ អត់ដែលឃើញឃាត់ឡានឈើនោះឡើយ។

ប្រភពបានបន្តថា ខណៈបច្ចុប្បន្ននេះ នៅមានកងកម្លាំងអាវុធហត្ថខេត្ត ដាក់ប៉ារាស់ ត្រួតពិនិត្យហាមឃាត់ និងឆែកឆេរ ធ្វើឲ្យពួកគាត់លំបាកក្នុងការចេញចូលម្តងៗ ទៅពីរួមខេត្តក៏ដូចការដឹកទំនិញផលកសិផលផ្សេងៗ ទៅលក់នៅទីផ្សារផងដែរ នៅចំណុចផ្លូវចូលទៅវារីអគ្គិសនី សេសានក្រោមពីរ ចេញពីរឃុំតាឡាត់ និងឃុំស្រែគថ្មី។ ប៉ុន្តែ ចម្លែករថយន្តដឹកបទល្មើសផលិតផលព្រៃឈើ ដឹកជញ្ជូនចេញចូលបានយ៉ាងសេរី បែជាគ្មានការរំខាន និងហាមឃាត់ ឬទប់ស្កាត់បង្ក្រាបឡើយ។

ចំពោះអ្នកសារព័ត៌មានវិញ មិនអាចឲ្យចូលបានឡើយ សមត្ថកិច្ចកងរាជអាវុធហត្ថ យាមបារ៉ាស់ខាងលើ ហាមដាច់ខាតមិនឲ្យចូល ទោះបីប្រាប់គាត់ថា ទៅលេងបងប្អូន ឬមានធុរៈនៅទីនោះក៏ដោយចុះ។ ឬមួយខ្លាចអ្នកសារព័ត៌មានដឹងរឿងសមត្ថកិច្ច និងមន្ត្រីជំនាញ ទាំងនោះឃុបឃិតគ្នា ជាមួយមេឈ្មួញ រកស៉ីដឹកជញ្ចូន បទល្មើសផលអនុផលព្រៃឈើ ទាំងនេះហើយមើលទៅ? មិនទប់ស្កាត់បង្ក្រាប បែជាបង្កើតឲ្យមានបទល្មើសទាំងនេះទៅវិញ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ជុំវិញរឿងនេះលោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានប្រាប់អ្នកសារព័ត៌មានថា ការដាក់ប៉ារ៉ាស់ត្រួតពិនិត្យនេះ ជាកន្លែងតំបន់ហាមឃាត់ ជាពិសេសអ្នកសារព័ត៌មាន។ លោកបន្តថា បើមានបទល្មើស លោកឲ្យរាយការណ៍ទៅ មន្ត្រីជំនាញ ដូចជាបរិស្ថាន និងជំនាញរដ្ឋបាលព្រៃឈើទៅ។

សូមបញ្ជាក់ថា: សកម្មភាពដឹកជញ្ជូនឈើខាងលើ
គេសង្ស័យមានឈ្មោះ លោក ធី កាប៉ូ និងឈ្មួញជាច្រើនអ្នកទៀតដែលធ្វើសកម្មភាព ដោយការកាប់អារជ្រៀកឈើ ដឹកចេញពីដែនជម្រកសត្វព្រៃ ភ្នំក្រឡាពាស ដឹកយកមកផ្ញើ ចល័ត តាមផ្ទះប្រជាពលរដ្ឋ ដើម្បីលក់សាងដាក់រថយន្ត ក្រុមពួកឈ្មួញខាងលើនេះ យ៉ាងសកម្មគ្មានអ្នកបង្ក្រាបនោះទេ៕SRP