ចាប់ខ្លួនបុរសប្រើអំពើហិង្សានៅក្នងវត្តព្រះអង្គកងជុំ

ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបចាប់ខ្លួនពាក់ព័ន្ធករណីហិង្សា។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ខណៈជនសង្ស័យ រត់ទៅសំងំលាក់ខ្លួននៅក្រោយផ្សារភូមិភាគ ស្ថិតក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។

ករណីហិង្សានេះបានកើតឡើង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅក្នងវត្តព្រះអង្គកងជុំ ហៅវត្តព្រះអង្គខ្មៅ ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។

ប្រភពបានរាយការណ៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ជនសង្ស័យឈ្មោះ ពក ពេជ្រ ហៅវែង ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិគោកដូង ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នស្នាក់នៅ វត្តព្រះអង្គកងជុំ ភូមិគោកតាចាន់ សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកជនរងគ្រោះឈ្មោះ ភា សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្សថ្នាក់៣ ស្នាក់នៅអង្គការគាំពារកុមារកំព្រានិងអភិរក្ស សិល្បះវប្បធម៌អរិយ៍ធម៌នៅកម្ពុជា ស្ថិតនៅ គោគតាចាន់ សង្ហាត់គោកចក ក្រុងសៀមរាប។

បច្ចុប្បន្នក្មេងរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរគន្ធបុប្ផា។ សូមបញ្ជាក់ករណីហិង្សានេះជនសង្ស័យ បានយកពូថៅប្រើអំពើហិង្សាទៅលើក្មេងកំព្រាដែលជាជនរងគ្រោះកំពុងដេកលើអង្រឹង៕SRP