ខេត្តសៀមរាបបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍

ខេត្តសៀមរាប៖កិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

កិច្ចប្រជុំនេះនាព្រឹកថ្ងៃសៅរ៍ ទី ២៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍​ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឡើងរាយការណ៍ពីវឌ្ឍនភាពការងាររបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប អំពីការត្រៀមបម្រុងទាំងកម្លាំង អាវុធ សម្ភារៈ មធ្យោបាយ ក្រុមជួយសង្គ្រោះស្បៀងត្រៀម និងសម្ភារៈផ្សេងៗទៀត សម្រាប់បង្ការទុកប្រើប្រាស់។​

លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានលើកឡើង ពីការខិតខំប្រឹងប្រែង​អនុវត្ត​យ៉ា​ង​​សកម្មពីក្រុមការងារថ្នាក់ជាតិ ​អាជ្ញាធរ​គ្រប់​លំដាប់​​ថ្នា​ក់ ​​​​​​កងកម្លាំងសមត្ថកិច្ច​ និងមន្ទីរ-​អង្គភាព​នានា​ជំនាញនានាជុំវិញខេត្ត​ ពិសេសក្រោមការដឹកនាំរ​បស់គណៈបញ្ជាការឯកភាពខេត្ត បានធ្វើឱ្យខេត្តសៀមរាប សម្រេច​បា​ននូវលទ្ធផល ដូចខាងក្រោម៖​​​​

១.រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ វិនិយោគិនបានល្អប្រសើរ ដែលបានបង្ហាញឱ្យឃើញតាមរយៈ ចំនួនបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស អាវុធខុសច្បាប់ ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណេត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសនានា មានការថយចុះគួរឱ្យកត់សម្គាល់។

២.ការផ្សព្វផ្សាយ និងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព មានកិច្ចសហប្រតិបត្តិការណ៍ល្អរវាងសមត្ថកិច្ចពាក់ព័ន្ធ រក្សាបាននូវស្ថេរភាព ប្រសិទ្ធភាព និងទាន់សភាពការណ៍

៣.ក្នុងរយៈពេលកន្លងមក គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានត្រៀមលក្ខណៈ និងរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់

៤.បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ…-ល-។

ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានកោតសរសើរដល់ការរៀបចំ និងការត្រៀមកម្លាំង ក៏ដូចជាការដឹកនាំរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានអនុវត្តការងារបានល្អនាពេលកន្លងមក។

ឯកឧត្តមក៏បាននាំយកនូវអំណោយ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី មានជាសម្ភារៈ គ្រឿង ឧបភោគ បរិភោគ អង្ករចំនួន ៦០ ការ៉ុង មីជាតិចំនួន ៦០កេស ទឹកស៊ីអ៊ីវចំនួន ៥០យួរ មកជូនដល់កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ ។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានលើកឡើងពីស្ថានភាព និងការវិវឌ្ឍមួយចំនួនអំពីបញ្ហានៅតាមព្រំដែនដែលកំពុងតែមានជម្លោះរវាង កម្ពុជា-ថៃផងដែរ៕SRP