សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ទៀ បាញ់ រំឭកអំពីវីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ប្រកបដោយស្មារតីលះបង់ខ្ពស់ដើម្បីជាតិមាតុភូមិ

ខេត្តសៀមរាប៖សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានរំឭកអំពីវីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ប្រកបដោយស្មារតីលះបង់ខ្ពស់ដើម្បីជាតិមាតុភូមិ។

សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ
មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួមទាំងគ្រឿងឧបភោគបរិភោគ ជូនដល់អតីតយុទ្ធជន ចំនួន ៣២០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករចំនួន២០គីឡូក្រាម មីជាតិ១កេស ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកាចំនួន ១០០,០០០៛(ដប់មុឺនរៀល)ផងដែរ។

ពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបនៅរសៀលថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យការពារបេតិកភណ្ឌ រួមទាំងលោក-លោកស្រីប្រធាន អនុប្រធាន សមាជិក សមាជិការ នៃលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ឆ្នាំ២០០៧- ២១ មិថុនា ឆ្នាំ២០២៥)។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីវឌ្ឍនភាព នៃលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ដែលបានផ្តល់ដីមួយកន្លែងដែលមានទំហំ ៥,៦០៣.១៨ម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដើម្បីសាងសង់អគារទីស្នាក់ការសមាគម សម្រាប់បំរើកិច្ចការងារប្រចាំថ្ងៃរបស់សមាគម ដោយបានចំណាយពេលសាងសង់រយៈពេលជាង៣ខែ ទើបរួចរាល់ជាស្ថាពរ ដែលបាននឹងកំពុងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕SRP