ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបចាប់ខ្លួនបញ្ជូនទៅតាមនីតិវិធីពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ខណៈម្ចាស់ម៉ូតូទុកម៉ូតូចោលមិនបានដកសោរ។
ការគាត់ខ្លួនធ្វើឡើងក្រោមដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុង នៅថ្ងៃអង្គារ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
នគរបាលក្រុងសៀមរាបបានអះអាងថា
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩,០០នាទី មានជនរងគ្រោះឈ្មោះ ឃេន សែត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹងរាយការណ៍ជូនសមត្ថកិច្ចយើង នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៨,៣០នាទី នៅចំណុចរោងចិញ្ចឹមសត្វទា ស្ថិតនៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប មានជនសង្ស័យចំនួន០២នាក់៖ ទី០១-ឈ្មោះ ឡុ ប៊ុនធី ហៅណាន់ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងទី០២ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២៥ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ក្រហម ពាក់ផ្លាកលេខ សៀមរាប ១G-៤៧៦៩ ខណៈពេលខ្លួនចតទុកនៅក្បែរោងចិញ្ចឹមសត្វទា ដោយមិនបានដកសោរចេញពីម៉ូតូ ហើយខ្លួនបានដើរទៅលើកទ្រូដែលដាក់ក្នុងប្រឡាយចម្ងាយប្រហែល៧០ម៉ែត្រ រួចជិះម៉ូតូគេចខ្លួនបាត់។
នគរបាលបានបន្តថាបន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃម្សិលមិញកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងកំណត់មុខសញ្ញា បបាននាំខ្លួនជនសង្ស័យឈ្មោះ ឡុ ប៊ុនធី ហៅណាន់ ភេទប្រុស អាយុ២៧ឆ្នាំ យកមកសាកសួរបានឆ្លើយសារភាពថា៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៨,៣០នាទី ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនបានជិះម៉ូតូខាងលើ ក្នុងគោលបំណងទៅលក់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែពេលជិះដល់ចំណុចមិនចាំ ម៉ូតូបានអស់សាំង បន្ទាប់មកខ្លួនក៏ដើរបណ្ដើរបានបន្តិច ដោយខ្លាចសមត្ថកិច្ចឃើញ និងមានការសង្ស័យ ក៏ទុកម៉ូតូខាងលើចោល ហើយគេចខ្លួនមកកាន់ក្រុងសៀមរាបវិញតែម្ដង។ុំសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យជាលទ្ធផលវិជ្ជមាន។
សូមជម្រាបថា ប្រតិបត្តិការនេះតែងតែអនុវត្តជាប្រចាំ
ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕SRP