អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តដាំដើមឈើតាមដងផ្លូវ ដើម្បីបង្កើនភាពបៃតង និងលើកកម្ពស់សោភ័ណភាព

អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តដាំដើមឈើតាមដងផ្លូវ ដើម្បីបង្កើនភាពបៃតង និងលើកកម្ពស់សោភ័ណភាព

អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពលីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង៤៦០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ផ្លូវថ្មើរជើង២ខ្សែប្រវែង៩២០ម៉ែត្រ ទទឹង២,៣០ម៉ែត្រ និងស្ថាបនាកីឡដ្ឋានស្រុកបាណន់ ស្ថិតនៅឃុំឈើទាល ស្រុកបាណន់ នៅព្រឹកមិញនេះឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងការកោតសរសើរដល់ការខិតខំអភិវឌ្ឍរបស់មូលដ្ឋានស្រុក មានដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម។ ឯកឧត្តមបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តដាំដើមឈើតាមដងផ្លូវ ដើម្បីបង្កើនភាពបៃតង និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានខិតខំខ្លាំងណាស់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជំរុញការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជាពិសេសការអភិវឌ្ឍន៍ ផ្លូវថ្នល់ សាលារៀន សួនច្បារ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈសំដៅបម្រើផលប្រយោជន៍សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបន្តស្នើដល់បងប្អូនប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងចៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ក្នុងភូមិ ឃុំ តាមលំនៅដ្ឋានឱ្យបានល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដើម្បីចូលរួម ទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕SRP