លោកស ថាវី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក

លោកស ថាវី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក

លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅតុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីឆបោកទិញដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ក្នុងដីកាបង្គាប់ឲ្យចូលខ្លួនដែលចេញដោយលោក កូយ សៅ បានបញ្ជាក់ថា លោក ស ថាវី បានទទួលប្រាក់ពីគេចំនួន២០ម៉ឺនដុល្លារ នៅអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងអំពើឆបោកតាមរយៈការទិញ លក់ដីជាង១០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង និងភូមិសំរោងកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលជននេះអះអាងថាដីនោះជាកម្មសិទ្ធិរបស់ខ្លួនបានពីការ ប្រមូលទិញពីប្រជាពលរដ្ឋ។

ដីកាដដែលនោះ បានកំហិតថា ក្នុងករណីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ស ថាវី មិនចូលខ្លួនទៅកាន់តុលាការទេនោះ ចៅក្រមស៉ើបសួរ នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្ដង។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក ស ថាវី នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP