នាយករដ្ឋមន្ត្រី៖ តើការអំពាវនាវឱ្យបរទេសកាត់ជំនួយជាទង្វើស្រឡាញ់កម្មករនិយោជិត ឬជាការបោកប្រាស់របស់អ្នកនយោបាយជ្រុលនិយម?
សម្តេចធិបតីនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានថ្លែងថា ពួកអ្នកនយោបាយជ្រុលនិយមដែលអួតថា ស្រឡាញ់កម្មករនិយោជិតណាស់ ប៉ុន្ដែអង្គុយតែរិះគន់រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបរទេសកាត់ជំនួយ កុំឱ្យមកវិនិយោគនៅកម្ពុជា និងឱ្យដាក់ពន្ធមកលើកម្ពុជា។ តើនេះឬការស្រឡាញ់កម្មករនិយោជិត?
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលតែងតែរៀបចំគិតគូរ និងបង្ហាញសុឆន្ទៈនៅក្នុងការចរចាដើម្បីការពារផលប្រយោជន៍បងប្អូន ពោល គឺរាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារប្រជាពលរដ្ឋ ការពារឆ្នាំងបាយបងប្អូនកម្មករ និយោជិត ការពារកំណើនសេដ្ឋកិច្ចដើម្បីឱ្យប្រជាពលរដ្ឋបានរីកចម្រើន។ សម្តេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកទិដ្ឋភាពជាក់ស្តែងថា អ្នកណាធ្វើពិតអ្នកណានិយាយអួតបានតែមាត់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តអំពាវនាវដល់ពលរដ្ឋឱ្យជឿជាក់លើរាជរដ្ឋាភិបាល ខណៈរយៈពេល១៩ ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំធ្វើកិច្ចការងារច្រើនណាស់ ដើម្បីការពារអត្ថប្រយោជន៍ និងសេដ្ឋកិច្ចជាតិ។ សម្ដេចថ្លែងថា ការលំបាក អាចលំបាក តែមិនស្លាប់ទេ ប៉ុន្ដែការលំបាកតិចតួចធ្វើឱ្យយើងរឹងមាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា» នៅថ្ងៃអាទិត្យនេះ៕SRP

