ខេត្តកំពង់ធំ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ព្រៃឡង់នៅតំបន់អូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងរងការកាប់បំផ្លាញឈើយកធ្វើជាអុសស្រស់ៗ ដឹកជញ្ជូនតាមគោយន្តច្នៃបុកស័រជាច្រើនគ្រឿង ក្នុងមួយថ្ងៃៗដើម្បីលក់យក មិនទាន់មានការទប់ស្កាត់ពីអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយ។
សេចក្ដីរាយការណ៍បន្តថា ទោះបីកន្លងមក ធ្លាប់មានការបង្ក្រាបខ្លះៗ ពីកញ្ញាធរជំនាញពាក់ព័ន្ធសមត្ថកិច្ចក្ដី ប៉ុន្តែគេបានឃើញឈ្មួញដឹកជញ្ជូន តាមរយៈបុកស័រពីចំណុចអូរក្រពើនេះ យកទៅលក់នៅភូមិបៃអន្លង់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយរលូន។
លោក ឡុង គីសឹង អភិបាលស្រុកសន្ទុកបានប្រាប់ថា បញ្ហាព្រៃឡង់ វាហួសសមត្ថកិច្ចរដ្ឋបាលស្រុកហើយ សុំសួរទៅជំនាញបរិស្ថានវិញ។
ទីភ្នាងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនអាចសុំការបំភ្លឺពីលោក ជន ជីន ប្រធានស្នាក់ការបរិស្ថានអូរក្រពើ បាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ។
លោក អោម ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ នៅពេលអ្នកសារព័ត៌មានសូមសម្ភាសន៍ លោកឆ្លើយថា ជំនាញគេមានវិធានការរដ្ឋបាលហើយ៕SRP

