ជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាប មិនទាន់ ចុះទប់ស្កាត់ ការឈូសឆាយព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ របស់សេង មង្គល​

ជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាប មិនទាន់ ចុះទប់ស្កាត់ ការឈូសឆាយព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ របស់សេង មង្គល​

ខេត្តសៀមរាប៖ជាច្រើនខែឆ្នាំមកហើយឈ្មោះសេង មង្គល បានធ្វើសកម្មភាពឈូសឆាយព្រៃលិចទឹកយកអាចម៍​ដីលក់ យ៉ាងអាណាធិបតេយ្យ មួយថ្ងៃៗរាប់សិបឡានប៉ុន្តែមិនទាន់ឃើញជំនាញពាក់ព័ន្ធក្នុងខេត្តសៀមរាបចុះទៅទប់ស្កាត់បង្ក្រាបនៅឡើយ។

ផ្កាឈូសឆាយព្រៃលិចទឹក ពី​សំណាក់ឈ្មោះសេង មង្គល​ ស្ថិតក្នុងភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុង.ខេត្ត​សៀមរាប​ ត្រង់ចំណុចខាង​លើទំនប់៧៨ យកអាចម៍ដីលក់  ក្នុង​មួយថ្ងៃរាប់ពាន់ឡាន​ ក្រោមលេសស្តារអាងទឹក។

តាមការបញ្ជាក់របស់ក្រុមពលរដ្ខដែលធ្វើស្រែជាប្រ ចាំនៅតំបន់នោះ បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ដីដែលឈ្មោះសេង មង្គល ឈូសឆាយព្រៃ​ គឺជាឃ្លាំងស្តុកទឹកសម្រាប់ស្រោចស្រព្វស្រែប្រាំង។ ឃ្លាំងទឹកនេះ បានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨មកម្លេះ ហើយក៏មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះដែរ។ ក្រៅពីផ្តល់ប្រភពទឹកសម្រាប់ស្រោចស្រព្វដំណាំស្រូវ ឃ្លាំងទឹកទំនប់​៧៨នេះ​ ក៏ជាជម្រកត្រីពងនិងកូន ត្បិតទីនោះហ៊ុំព័ទ្ធដោយដើមឈើប្រភេទព្រៃលិចទឹក ដែលការពារដោយមន្ទីរជំនាញ​ និងពលរដ្ខក្នុងតំបន់នោះ។

ប្រភពបានបន្តថា ក្នុងរយ:ពេលកន្លងមកនេះ ក៏ស្រាប់តែឃើញ គ្រឿងចក្រជាច្រើន របស់ឈ្មោះសេង​ មង្គល​ បានចូលមកជីកកាយហ៊ុំព័ទ្ធធ្វើជាក្រវ៉ាត់ ហើយឈូសឆាយព្រៃ ជីកយកដីដឹកចេញយ៉ាងគគ្រឹកគគ្រេង តែមិនឃើញមានខាងណាមកហាម​ឃាត់ឡើយ។ មិនដឹងច្បាស់ថា គេជីកធ្វើស្រះទុកចិញ្ចឹមត្រី របស់ក្រុមហ៊ុន ឬយ៉ាងណានោះទេ តែឮតៗគ្នាថា គេស្តារអាងទឹក។

ក្រុមពលរដ្ខបន្ថែមថា មិនខ្វល់ថា គេធ្វើអ្វីនោះទេ សម្រាប់ពួកគាត់ចង់អោយថ្នាក់ខេត្ត​ និងមន្ទីរជំ​នាញរក្សាទីនោះឲ្យនៅភាពដដែល ដើម្បីជាប្រយោជរួម​ ពីព្រោះថា កន្លងមកមានកន្លែងខ្លះ​ ក្រោយពេលគេជីកកើតជាស្រះហើយ គេហាមឃាត់មិនអោយពលរដ្ឋទៅក្បែរឡើយ​។ (នេះគឺជាចំណុចដែលពួកខ្ញុំពលរដ្ខបារម្ភបំផុត)។ ហេតុដូច្នេះ សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ មេត្តាបញ្ឈប់សកម្មភាពឈូសឆាយព្រៃ​ ជីកយកអាចម៍ដី ដោយរក្សាបំបន់នោះនៅដដែល។

ជាមួយនឹងការដាក់គ្រឿងចក្រឈូសឆាយព្រៃ​លិច​ទឹកជីកយកអាចម៍ដី របស់​ឈ្មោះសេង​ មង្គល ដែលបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងម់ធ្ងរ​ និងកំពុងបង្កការភ័យខ្លាចដល់ពលរដ្ឋរាប់រយគ្រួសារបែបនេះអភិបាលរងក្រុងសៀមរាប លោក​ ​ហាយ​ យង់​ បានថ្លែងតាមប្រព័ន្ធតេឡេក្រាម ប្រាប់អ្នកសារព័ត៌មានថា ការជីកស្តារនោះ កន្លង​ទៅ មានអាជ្ញាបណ្ណ តែមិនដឹងថាពេលនេះ ក្នុងអាជ្ញាបណ្ណនោះ កាយបានកំរិតណា ឬក៏អស់ហើយនោះទេ។

ដោយឡែកមន្ត្រីជំនាញនៃអាជ្ញាធរខេត្ត​សៀមរាប​ បានបង្ហើបថា ការធ្វើអាជីវកម្មជីកយកអាចម៌ដីលក់ គឺច្បាប់បានតម្រូវឲ្យចំនួនមួយច្បាប់សម្រាប់មួយហិកតា តែសម្រាប់ក្រុមហ៊ុនជីកអាចម៌ដីលក់នោះ បានរៀបចំទុកជាមុន រាប់សិបហិកតា រួចហើយជាស្រេច ក្នុងនោះក៏មានជាប់ពាក់ព័ន្ធនិងព្រៃលិចទឹកផងដែរ។

យោងតាមប្រភពមន្ត្រីជំនាញបានឲ្យដឹងថា ខាងក្រុមហ៊ុន មិនមានច្បាប់អនុញ្ញាត្តិឲ្យជីកកាយព្រៃលិចទឹកនោះទេ អាជ្ញាបណ្ណរបស់ក្រុមហ៊ុនជីកអាចម៍ដីលក់ ក្នុងចំណុចដីវាល គឺដីដែលគ្នានព្រៃ។ អញ្ចឹងទេ សេង​ មង្គល​ ដែលកំពុងជីកកាយរាប់សិបហិកតានោះមិនដឹងថា មានច្បាប់វាយព្រៃលិចទឹក ដែរឬយ៉ាងណា?។

ពាក់ព័ន្ធការជីកកាយយកអាចម៍ដីលក់ ពីក្នុងតំបន់ព្រៃលិចទឹក របស់ឈ្មោះសេង មង្គល​ មន្ត្រីជលផលក៏ធ្លាប់បានលើកឡើងថា បើទោះបីច្បាប់អនុញ្ញាតឲ្យមានការជីកកាយ តែក៏មិនអនុញ្ញាតឲ្យឈូស​ឆាយឬជីករំលើងដើមឈើព្រៃលិចទឹកនោះដែរ។

ជាមួយការបញ្ជាក់ពីមន្ត្រីជំនាញបែបនេះ ក្រុមអ្នកព័ត៌មាន ដែលបានចុះទៅផ្តិតយករូបភាពផ្ទាល់ មិនត្រូវបានផ្តល់ព័ត៌មានជាក់លាក់ និងអនុញ្ញាតអោយចូលដល់រណ្តៅដីនោះទេ ដោយ​មានការរារាំងពីក្រុមមនុស្សរបស់សេង មង្គល​ ដែលនៅយាមកាមនៅទីនោះ។ អញ្ចឹងទេយើងមិនអាចសន្និដ្ឋានបានថា ការជីកយកអាចម៍ដីនោះ មានច្បាប់ឬអត់.? ហើយប្រសិនបើមានក៏មិនដឹងថា​ ត្រឹមត្រូវដែរឬអត់?។

ចំណែកព្រៃឈើលិចទឹកដែល​ រងការឈូសឆាយបំផ្លាញ ក៏មិនដឹងថា អស់ចំនួនប៉ុន្មាននោះដែរ? តែបើមើលពីចំងាយឃើញថា ព្រៃ​ឈើទាំងនោះក្លាយជាវាលរហោឋានទៅហើយ។

ទោះជាយ៉ាងណា ក្រុមពលរដ្ខក៏ដូចជាមហាជនក្នុងខេត្តសៀមរាប​ ទទូចសុំអោយមន្ទីរជំនាញនិងថ្នាក់លើពិចារណា​ រក្សាព្រៃលិចទឹកដែលនៅសេសសល់​ កុំអោយឈ្មួញសេង​ មង្គល​ ឈូសបំផ្លាញតទៅទៀត។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោកសេង មង្គល នៅឡើយទេដោយទូរសព្ទនៅក្រៅសេវា។

សូមរំលឹកថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២៥ អភិបាលខេត្តសៀមរាបឯកឧត្តមប្រាក់ សោភ័ណ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គលដែលនៅតែបំពានរានដីព្រៃលិចទឹកតំបន់បី។

ឯកឧត្តមប្រាក់ សោភ័ណ បានថ្លែងថា កត្តាសំខាន់ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់ឱ្យបានក្រុមក្មេងទំនើង ករណីគ្រឿងញៀន និង គោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបង្រ្កាបឱ្យខាងតែបាន ចំពោះបទល្មើសព្រៃឈើ និង ជលផល និង គ្រប់គ្រងព្រៃលិចទឹកបឹងទន្លេសាប (តំបន់៣) ហើយចំពោះបុគ្គលណានៅតែបំពានរានដីព្រៃលិចទឹកតំបន់បីត្រូវធ្វើការផ្តន្ទាទោសទៅតាមច្បាប់៕SRP