លោក សុខ សប្បាយណា៖ ចាប់តាំងពីឆ្នាំ២០១៣មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប

លោក សុខ សប្បាយណា៖ ចាប់តាំងពីឆ្នាំ២០១៣មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប

ខេត្តសៀមរាប៖ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្តឆ្នាំ២០២៥ លោក សុខ សប្បាយណា បានមានប្រសាសន៍ថា អង្គរសង្ក្រាន្ត បានបង្កើតឡើងគឺដើម្បីជាតិ ដើម្បីបំផុសស្មារតីថា “ខ្មែរធ្វើបាន”។ លោកថា ចាប់តាំងពីឆ្នាំ២០១៣ មក ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត បានរួមចំណែកយ៉ាងធំធេង នៅក្នុងការជួយដល់វិស័យទេសចរណ៍របស់ខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗ និងបានគាស់កកាយនូវទម្រង់សិល្បៈ វប្បធម៌ ល្បែងរបាំប្រជាប្រិយរបស់ខ្មែរយើងជាច្រើនទម្រង់ បង្ហាញទៅកាន់ទេសចរជាតិ និងអន្តរជាតិ។

ប្រធានក្រុមប្រតិបត្តិអង្គរសង្ក្រាន្តឆ្នាំ២០២៥ រូបនេះក៏បានស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកាក្នុងបណ្តាញសង្គម និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ។

លោកថ្លែងបែបនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការផ្សព្វផ្សាយពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ។

លោកបន្តថា សម្រាប់អង្គរសង្ក្រាន្តឆ្នាំ២០២៥ នេះ ក៏មិនខុសគ្នាពីព្រឹត្តិការណ៍មុនៗដែរ នៅតែរក្សាបានគោលបំណងរបស់ខ្លួន គឺការផ្សព្វផ្សព្វអំពីទេសចរណ៍ និងសិល្បៈវប្បធម៌ ក្នុងនោះអង្គរសង្ក្រាន្ត បានលើកយកនូវកម្មវិធីកម្សាន្តធំៗ ចំនួន៣៨កម្មវិធី ដោយក្នុងកម្មវិធីនីមួយៗ មានការសម្តែងសិល្បៈ ល្បែងប្រជាប្រិយ របស់ខ្មែរជាច្រើនទម្រង់ផ្សេងៗគ្នា។ ដូច្នេះការចូលរួមផ្សព្វផ្សាយ អំពីអង្គរសង្ក្រាន្ត ជាការចូលរួមយ៉ាងសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចរបស់អ្នកខេត្តសៀមរាប តាមរយៈការបង្ហាញនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ខេត្តសៀមរាបទៅកាន់ពិភពលោក។

លោក សោម រតនា ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈរបស់អង្គរសង្ក្រាន្ត ក៏បានលើកឡើងដែរថា ជាការពិតអង្គរសង្ក្រាន្ត បានជួយរួមចំណែកធំ នៅក្នុងការជួយដល់វិស័យទេសចរណ៍សិល្បៈប្រពៃណីវប្បធម៌របស់ខ្មែរ ប៉ុន្តែអង្គរសង្ក្រាន្ត ក៏នៅតែទទួលការវាយប្រហារលាបពណ៌ ពីសំណាក់ មជ្ឈដ្ឋានមួយចំនួន ដែលការនេះក៏ជាផ្នែកមួយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមយុវជនស្ម័គ្រចិត្ត ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ។
លោកបន្តថា ដូច្នេះការផ្សព្វផ្សាយ ដែលចំគោលដៅ ក៏ជាចំណែកមួយក្នុងការលុបបំបាត់ព័ត៌មាន បែបលាបពណ៌នេះផង និងបានជួយដល់វិស័យទេសចរណ៍ សិល្បៈវប្បធម៌ខ្មែរផងដែរ។

សូមជម្រាបថា កាលពីឆ្នាំ២០១៣ ដែលឆ្នាំចាប់កំណើតព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត នេះ ខេត្តសៀមរាប ទទួលបានអ្នកទេសចរណ៍ចំនួន១៧ម៉ឺននាក់ ហើយចំនួននេះមានការកើនឡើងជាលំដាប់ដោយនៅក្នុងនោះ ក្នុងឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំ របស់អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរចូលមកកម្សាន្ត ក្នុងព្រឹត្តិការណ៍ នេះ ប្រមាណជាង២លាននាក់ និងមានលំហូសាច់ប្រាក់ចូលមកក្នុងខេត្តនេះប្រមានជាង១២៦លានដុល្លាអាម៉េរិក។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានថ្លែងថា អង្គរសង្ក្រាន្ត ពិតជាមានសារៈសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចខេត្តសៀមរាប។ ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ លោកអភិបាលរងបានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានជួយឲ្យមានព្រឹត្តិការណ៍ដ៏សំខាន់នេះនៅក្នុងខេត្តសៀមរាប៕ អត្ថបទរូបភាព .ឃុត សៅ / អ្នកឆ្លើយឆ្លងព័ត៌មាន AKP ប្រចាំខេត្តសៀមរាប