អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិ ត្រូវចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ ដោយ បណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន
ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា មុននឹងដល់អាណត្តិ ដែលនឹងត្រូវចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់ បន្តវេនក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។
លោកថ្លែងបែបនេះក្នុងឱកាស បើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការ ស៊ីវិល នៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ ទាំងអស់ ត្រូវពង្រឹងសមត្ថភាពដឹកនាំរបស់ខ្លួនជាប្រចាំ តាមរយៈការសិក្សា និងមធ្យោបាយនានា ពោលគឺត្រូវបណ្តុះអ្នកដឹកនាំបន្តវេន ឱ្យបានកាន់តែច្រើន ដោយណែនាំមន្ត្រីឱ្យគោរពពេលវេលាធ្វើការ ត្រូវបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងត្រូវពង្រឹងប្រសិទ្ធភាពការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានោះអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ភាពជាថ្នាក់ដឹកនាំ ត្រូវដឹកនាំតាមបែប សិល្បៈ ធ្វើយ៉ាងណាត្រូវជំរុញមន្ត្រីក្រោមឱវាទឱ្យចេះធ្វើការ ឱ្យមានធនធានសម្រាប់ធ្វើការងារ និងឱ្យមន្ត្រីចេះសម្រេចចិត្តអារកាត់ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព នៃការងារ ក្រៅពីនោះត្រូវដឹកនាំមន្ត្រី ឱ្យខិតខំរួមគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរផងដែរ។
ក្នុងឱកាសនោះដែរ លោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ គឺមានរយៈពេល ៥ថ្ងៃ លើប្រធានបទចំនួន ៤គឺ៖ ទី១. ការ តាក់តែងអត្ថបទ ការរៀបចំសុន្ទរកថា បទអន្តរាគមន៍ និងជំនួយ ស្មារតី ទី២. ការរៀបចំ របាយការណ៍ ទី៣. ការងារពិធីការ និងទី៤. ការឆ្លុះបញ្ចាំងកិច្ចការសិក្ខាកាម ។ ដូចនេះសូមឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សា និងកត់ត្រាទុក ជាពិសេសត្រូវចេះធ្វើការដេញដោលឱ្យបានផលផុសផងដែរ៕SRP