ខេត្តពោធិ៍សាត់៖សកម្មភាពរថយន្តខ្នាតធំដូចយក្យដែលដឹកជញ្ជូនអនុផលព្រៃឈើទ្រង់ទ្រាយធំចេញពីក្នុងតំបន់វារីអគ្គីសនីស្ទឹងពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្ក្រាប។
ការបង្ក្រាបធ្វើឡើងនៅវេលាម៉ោងជាង ១២ យប់ ឈានចូលថ្ងៃអង្គារ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុច រង្វង់មូលក្រូច ស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងប្រតិបត្តិការនេះ ធ្វើឡើងដោយមន្រ្តីផ្នែករដ្ឋបាលព្រៃឈើក្រវាញ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលស្រុកភ្នំក្រវាញ និងអង្គការដើម្បីការពារអភិរក្សធនធានធម្មជាតិ ដោយអនុវត្តតាមបទបញ្ជារបស់លោក កូយ កាន់យ៉ា, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលបានដឹកឈឺចេញពីតំបន់ វារីអគ្គីសនីស្ទឹងពោធិ៍សាត់ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A 3168 និងរថយន្តសណ្ដោង ម៉ាក យីឌុប ភ្លៅ ០៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ 4A 3926 ដែលមានផ្ទុកផលអនុផលព្រៃឈើចំនួន ៨២.៨០ ស្ទែ។
ប្រភពបន្ថែមថា ការបង្រ្កាបរថយន្តនេះ គឺដោយសារតែការផ្ទុកផលអនុផលព្រៃឈើ (អុសចម្រុះ) លើសចំនួន និង លើសពេលវេលា ហើយរថយន្តដែលរងការបង្ក្រាបនេះត្រូវបានគេលួចបង្ហើប្រាប់ថា អាចជារបស់លោក សៅរ ម៉ាច ថាជាអ្នកប្រមូលផលអនុផលព្រៃឈើស្ថិតនៅក្នុងតំបន់វារីអគ្គីសនីស្ទឹងពោធិ៍សាត់៕SRP