ម៉ូតូសណ្តោងរ៉ឺម៉កបើកលឿនបុកក្មេងជិះកង់ នៅខាងជេីងសកលវិទ្យាល័យវណ្ណដា បណ្ដាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តសៀមរាប៖ក្មេងប្រុសជិះកង់ម្នាក់បានបាត់បង់ជីវិតនៅពេលបញ្ជូនទៅជួយសង្គ្រោះដល់មន្ទីរពេទ្យ។

ហេតុការណ៍បានកើតឡើង នៅម៉ោង៤រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចខាងជេីងសកលវិទ្យាល័យវណ្ណ ដា ២០០ម៉ែត្រ ស្ថិតនៅ ភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្ត សៀមរាប លេីផ្លូវបេតុង។

គ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូសណ្តោងរ៉ឺម៉ក និងកង់២គ្រឿង (ស្របទិសគ្នា) ដោយម៉ូតូសណ្តោងរឺម៉កមួយគ្រឿងម៉ាក Honda wave ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1X-2394 អ្នកបេីកបរឈ្មោះ សូ រដ្ឋា ភេទប្រុស អាយុ ២៥ឆ្នាំ កំណើតរស់នៅភូមិសាមគ្គី៦ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅឃ្លាំងថៅកែក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរទិសដៅពីជេីងទៅត្បូង បុកដៃចង្កូតកង់មួយគ្រឿង ពណ៌ទឹកប្រាក់ អ្នកជិះឈ្មោះ ចេក ចិន្តា ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅ ភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្តសៀមរាប ជិះទិសដៅពីជេីងទៅត្បូង បន្ទាប់មកកង់ខាងលើ រ៉េចង្កូតទៅបុកកង់ មួយគ្រឿង ពណ៌ខ្មៅទៀត ដែលជិះទន្ទឹមគ្នានៅខាងស្តាំ ជិះដោយឈ្មោះ ជា និរោធរង្សី ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅ ភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ខេត្ត សៀមរាប ជិះទិសដៅពីជេីងទៅត្បូង។

ករណីនេះបណ្តាលឲ្យស្លាប់មនុស្សឈ្មោះ ចេក ចិន្តាអ្នកជិះកង់ពណ៌ទឹកប្រាក់ (ពេលបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា)។ របួសមនុស្សស្រាល ឈ្មោះជា និរោធរង្សី អ្នកជិះកង់ពណ៌ខ្មៅ។ ខូចខាតកង់ស្រាល ០២គ្រឿង និង ម៉ូតូសណ្តោងរ៉ឺម៉ក មិនមានការខូចខាត។ មូលហេតុ:ម៉ូតូសណ្តោងរ៉ឺម៉កបើកបរ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពីមានកើតហេតុជំនាញនគរបាលចរាចរណ៍បាននាំយកអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ទៅសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ឯវត្ថុតាងបានបញ្ជូនមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕SRP