អគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាបនិងអាជ្ញាធរខេត្តបាត់ដំបង បន្តកិច្ចសហការរួមគ្នាក្នុងការបង្រ្កាបគ្រឿងញៀន និងបទល្មើសឆ្លងដែន ល្បែងខុសច្បាប់ និងការឆបោកតាមអនឡាញ

អគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាបនិងអាជ្ញាធរខេត្តបាត់ដំបង បន្តកិច្ចសហការរួមគ្នាក្នុងការបង្រ្កាបគ្រឿងញៀន និងបទល្មើសឆ្លងដែន ល្បែងខុសច្បាប់ និងការឆបោកតាមអនឡាញ

នៅឱកាសឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ណារុត សូន្ថរោត្តម(Narut Soontarodom) អគ្គកុងស៊ុលនៃព្រះរាជាណាចក្រថៃប្រចាំខេត្តសៀមរាប ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ នៅថ្ងៃអង្គារម្សិលមិញភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹង កិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជាកម្ម រវាងខេត្តជាប់ព្រំដែនសំដៅជំរុញប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាពធ្វើឱ្យជីវភាព ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង។

ក្នុងជំនួបប្រកបដោយភាពស្និទស្នាល នេះភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការបន្តកិច្ចសហការរួមគ្នាក្នុងការបង្រ្កាបគ្រឿងញៀន និងបទល្មើសឆ្លងដែនជាពិសេសល្បែងអនឡាញខុសច្បាប់ និងការឆបោកតាមអនឡាញផងដែរ។

នៅសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា ខេត្តបាត់ដំបងមានច្រកព្រំដែនអន្តរជាតិចំនួន២ និងច្រកតំបន់ចំនួន៣ ដោយមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែងជាង១៤០គីឡូម៉ែត្រ ជាប់ទៅនឹងខេត្តចំនួន៣ របស់ប្រទេសថៃរួមមាន៖ខេត្តត្រាត ខេត្តច័ន្ទបុរី និងខេត្តស្រះកែវ។

ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានបង្កលក្ខណៈងាយស្រួល ដល់បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំមុន។

តាមរយៈអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាប ឯកឧត្តម សុខ លូ ស្នើភាគីថៃបន្តជួយបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។

ឯកឧត្តម ណារុត សូន្ថរោត្តម ក៏បានស្នើដល់ ឯកឧត្តម សុខ លូ និងអ្នកពាក់ព័ន្ធផ្សេងទៀត ជួយរក្សាសន្តិសុខ និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិថៃដែលធ្វើដំណើរមកលេងកម្សាន្ត និងបំពេញការងារនៅក្នុងទឹកដីខេត្តបាត់ដំបង។

ឯកឧត្តម ណារុត សូន្ថរោត្តម មើលឃើញថា ខេត្តបាត់ដំបងនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍រីកច្រើនឡើងជាលំដាប់៕SRP