ខ្មែរចាប់ជំរិតចិន ត្រូវបានបង្ក្រាប

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថានៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៤ :០៩នាទី នៅត្រង់ចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការបង្រ្កាបនឹងឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានភូមិព្រៃឈេីទាល់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធករណីចាប់ជំរិត ឈ្មោះ LIU SEN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEN6418573 កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥:១០នាទី នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី ឈ្មោះ LIU SEN បានជិះរថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-5042 ដោយមានអ្នកបើកបរឈ្មោះ ជា វុទ្ធី បានបើករថយន្តចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅពេលធ្វើដំណើរដល់ចំណុចមួយ នៅលើកំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣ ក្បែរស្ពានអាកាសផ្លូវជាតិលេខ២ ក៏មានបុរសជនជាតិខ្មែរចំនួន០៣នាក់ ឈរចាំនៅលើចិញ្ចើមផ្លូវក្នុងចំណុចខាងលើ ហើយបានលើកដៃហៅ ពេលនោះអ្នកបើករថយន្តបានឈប់ចតឡាននៅលើចិញ្ចើមផ្លូវនោះ ស្រាប់តែបុរសជនជាតិខ្មែរទាំង០៣នាក់នោះ បានរត់ឡើងលើរថយន្តដោយបុរសជនជាតិខ្មែរចំនួន០២នាក់ បានចាប់ដៃឈ្មោះ LIU SEN ទាំងសងខាង និងម្នាក់ទៀតបានធ្វើការសង្កត់ពីលើដោយបានចាប់ក ព្រមទាំងបានប្រើអំពើហិង្សា នឹងដកហូតយកទូរសព្ទរបស់ឈ្មោះ LIU SEN ទៀតផង។

នៅពេលនោះឈ្មោះ LIU SEN បានរើបម្រាស់តបត ជាមួយបុរសជនជាតិខ្មែរទាំង០៣នាក់នោះ និងបានចុចបើកកញ្ចក់រថយន្ត ដោយព្យាយាមគេចខ្លួនតាមបង្អួច ហើយក៏បានធ្លាក់ពីលើរថយន្តតែម្តង ហើយរត់ចូលហាងបាយមួយកន្លែងដើម្បីឱ្យប្រជាពលរដ្ឋជួយ។

ភា្លមៗនោះឈ្មោះ ជា វុទ្ធី បានទាក់ទងទៅឈ្មោះ ឧត្តម ដែលជាអ្នកចាត់ចែង ហើយបានប្រាប់ថា បងៗវារត់រួចហើយ បន្ទាប់មកឈ្មោះ ឧត្តម បានប្រាប់ឲ្យទម្លាក់បក្ខពួក០៣នាក់នោះចុះ រួចរត់គេចខ្លួនទៅណាទៅៗផុតពីកន្លែងហ្នឹង។

វត្ថុតាងចាប់យករួមមាន ៖ រថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ក្រហម ផលិតឆ្នាំ២០០៥ ពាក់ផ្លាកលេខភ្នំពេញ2BJ-5042 , វ៉ាលីដាក់ខោអាវចំនួន០១ អាវយឺតដៃខ្លី ពណ៌ខ្មៅ០១ អាវយឺតដៃវែងមានមួក ពណ៌ខ្មៅ ០១ ខោខ្លីពណ៌ខ្មៅ០១ ទូរសព្ទ០១គ្រឿងម៉ាកOPPO ពណ៌ផ្ទៃមេឃ  ទូរសព្ទ០១គ្រឿងម៉ាកHUAWEI ពណ៌ខ្មៅ០១៕SRP