ខេត្តសៀមរាប៖ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ នៅរាត្រីថ្ងៃទី០៧ ខែ មីនា ឆ្នាំ២០២៥ បានដឹកសមាជិក សមាជិកា សភាពាណិជ្ជកម្មប្រមាណជាង២០នាក់ មកធ្វើការជួយគាំទ្រដល់វិស័យមុខរបររបស់សមាជិកដែលបានប្រកបអាជីវកម្មមុខរបរបំរើសេវា ឡានក្រុងអត់ដំបូល Big Business Angkor ដែលជាសេវាកម្មរថយន្តជូនភ្ញៀវជិះកំសាន្តមើលទេសភាពដ៏ស្រស់ស្អាតក្នុងក្រុងសៀមរាប។
នៅក្នុងនោះដែរ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ក៏បានមានប្រសាសន៍ថា នៅមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា មានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើនត្រូវបានរៀបចំឡើង នៅក្នុងខេត្តសៀមរាប តាមរយៈព្រឹត្តិការណ៍ទាំងនោះបានជំរុញ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងខេត្តសៀមរាប មានកំណើនភ្ញៀវទេសចរវិជ្ជមានគួរឱ្យកត់សម្គាល់។
ឧកញ៉ាបណ្ឌិត បន្តថាតាមរយៈការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសថ្មីៗ ជាបន្តបន្ទាប់របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនភ្ញៀវទេសចរចូលទៅកាន់ខេត្តសៀមរាប និងជួយជំរុញឱ្យអ្នករកស៊ីក្នុងវិស័យទេចរណ៍នៅខេត្តសៀមរាប មានសកម្មភាពល្អប្រសើរឡើងវិញផងដែរ។
ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានបន្តថា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ មកទស្សនានៅខេត្តសៀមរាប ឱ្យបានច្រើនបន្ថែមទៀត យើងជាសមាជិកសមាជិកា ដែលជាអាជីវករបើកអាជីវកម្មផ្សេងៗ ដែលទាក់ទងនិងភ្ញៀវទេសចរ ត្រូវចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ឬសេវាកម្មទេសចរទៅកាន់ទេសចរជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ ជំរុញឱ្យមានការស្វែងរកនូវរមណីដ្ឋានទេសចរថ្មីៗបន្ថែម ខណៈដែលសៀមរាប កំពុងផ្តោតសំខាន់ទៅលើទេសចរណ៍ សម្បូរធនធានទេសចរណ៍បែប វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ។
ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា គោលបំណងដែលឧកញ៉ាបណ្ឌិត បានដឹកនាំសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តមកធ្វើការចូលរួមជួយគាំទ្រដល់វិស័យមុខរបររបស់សមាជិក ដែលបានប្រកបអាជីវកម្ម មុខរបរបំរើសេវាឡានក្រុងអត់ដំបូល Big Business Angkorនាពេលនេះគឺចង់ជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរក្នុងខេត្តសៀមរាប។
លោកឧកញ៉ាបណ្ឌិតសង្ឃឹមនឹងជឿជាក់ថា ឡាន Big Business Angkor ដែលកែឆ្នៃដើម្បីធ្វើការដឹកភ្ញៀវទស្សនាទេសភាពដ៍ស្រស់ស្អាតក្នុងក្រុងសៀមរាប នេះអាចជួយទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តក្នុងខេត្តសៀមរាបកាន់តែច្រើនថែមទៀតផងដែរ៕SRP

