ខេត្តសៀមរាប៖មានការបែកធ្លាយភាពមិនប្រក្រតីនៃការសាងសង់ធ្វើផ្សារស្រីស្នំ មិនទាន់មានលិខិតអនុញ្ញាត ដែលមានចំណូលទឹកប្រាក់ប្រមាណជិត៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងមិនមានការបង់ចំណូលចូលរដ្ឋ។
យោងតាមប្រភពព័ត៌មានដែលផ្ដល់ឯកសារមកទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ បានបង្ហាញថា របាយការណ៍ចំណូលសុទ្ធ ពីរការធ្វើផ្សារស្រីស្នំ មានចំនួន «580,000ដុល្លារ» ដែលមិនមានបានបង់ពន្ធចំណូលជូន រាជធានី.ខេត្តនោះទេ។
១ ការធ្វើផ្សារនេះដែរ អាជីវករចាស់ៗ មួយចំនួន ប្រឈមនឹងបាត់បង់តូប ព្រោះមិនមានលទ្ធភាព បង់លុយទីតាំង។
២ ការធ្វើផ្សារនេះឡើងបាន មានការដោះដូរតូប ចំនួន២ តូប ជូនតូប លោកអភិបាលស្រុកស្រីស្នំ ជាថ្មូ។ ទីតាំងតូប អភិបាលស្រុក ទទួលបាន ២តូប ដោយមិនបានបង់លុយ។
តាមប្រភពដដែលបន្តថា ការធ្វើផ្សារស្រីស្នំ នេះ ប្រមូលលុយពីអាជីវកររួចហើយ បានធ្វើផ្សារតាមក្រោយមិនបានសុំច្បាប់អនុញ្ញាតពីខេត្តនោះឡើយ ក៏ប៉ុន្តែអ្នកពាក់ព័ន្ធទទួលខុសត្រូវបានប្រមូលលុយពីអាជីវករ ក្នុងរង្វង់ជិត៦០ម៉ឺនដុល្លារ ដូចនៅក្នុងរូបភាព ប៉ុន្តែអាជីវករមួយចំនួនមិនទាន់បង់គ្រប់តាមកិច្ចសន្យានៅឡើយទេ ក្នុងនោះក៏មិនបានបង់ពន្ធជូនរដ្ឋផងដែរ។ ករណីបែបនេះអាចធ្វើឱ្យមានការខាត់បង់ថវិកាជាតិចំណូលពន្ធចូលរដ្ឋយ៉ាងជ្រើនសន្ធឹកសន្ធាប់ខណៈផ្សារមួយនេះបានសាងសង់រួចខ្ទង់១ឆ្នាំមកហើយ។
បើតាមប្រភពបានបន្តថា ការធ្វើផ្សារស្រីស្នំ បានដោយរលូន ដែលគេសង្ស័យមិនទាន់មានច្បាប់ យ៉ាងដូច្នេះអាចមានការឃុបឃិតគ្នារវាងអាជ្ញាធរស្រុកស្រីស្នំជាមួយអ្នកម៉ៅការ ដើម្បីធ្វើការប្រមូលលុយពីអាជីវករ ចែកគ្នាហើយបិទបាំងមិនឱ្យថ្នាក់ដឹកនាំខេត្តដឹងនោះទេ។
រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេសតាមគោលការណ៍ច្បាប់ផ្សារ និងគឺជាទីតាំងនៃផ្សាររបស់រដ្ឋ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន រាជរដ្ឋាភិបាលសម្រេចផ្តល់ជូនអាជីវករនូវសិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់ និងសិទ្ធិ អាស្រ័យផល លើតូប វាទ ស្ទង់ និងកន្លែងលក់ដូរដទៃទៀត ព្រមទាំងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះ ជូនទៅកូនចៅ ឬ អ្នក ដទៃទៀតបាន។
អនុលោមតាមបទប្បញ្ញត្តិតតិយុត្តជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងផ្សារនៅទូទាំងប្រទេស អាជីវករលក់ដូរក្នុង ផ្សារមានសិទ្ធិ និងកាតព្វកិច្ចបង់ចំណូលចូលថវិការាជធានី ខេត្ត ដែលមានជាអាទិ៍ បង់ភាស៊ី និងបង់ថ្លៃជួល តូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅបន្ទុក ព្រមទាំងបង់ពន្ធដារតាមការកំណត់នៃច្បាប់។
រាជរដ្ឋាភិបាលរក្សា និងការពារសិទ្ធិរបស់អាជីវករលក់ដូរក្នុងផ្សារទាំងអស់ តាមគោលការណ៍ស្តីពីការគ្រប់គ្រង ផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស ដូចខាងក្រោម÷
ក- ប្រភេទ និងវិធានគ្រប់គ្រងផ្សារ
ផ្សារត្រូវបានបែងចែកជាប្រភេទ និងគ្រប់គ្រងដោយវិធាន ដូចខាងក្រោម÷
១. ផ្សារប្រភេទ “ក”: គឺជាផ្សារដែលមានសំណង់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត ជាអំណោយរបស់
រាជរដ្ឋាភិបាល។
២. ផ្សារប្រភេទ “ខ”: គឺជាផ្សាររបស់រដ្ឋ ដែលត្រូវបានដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីឱ្យវិស័យឯកជន ប្រមូលភាស៊ីជារៀងរាល់ឆ្នាំ ពីអាជីវករលក់ដូរស្របតាមការកំណត់ក្នុងកិច្ចសន្យា និងសៀវភៅបន្ទុក។ អាជីវករលក់ដូរ ទទួលបានសិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផលលើរូប រាន ស្តង់ ឬកន្លែងលក់ដូរដទៃទៀត។
៣.ផ្សារប្រភេទ “គ”: គឺជាផ្សារដែលវិស័យឯកជនបានអភិវឌ្ឍផ្នែកសំណង់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀត នៅលើទីតាំងដីរបស់រដ្ឋ។ វិស័យឯកជនត្រូវបានផ្តល់សិទ្ធិឱ្យអភិវឌ្ឍផ្សារប្រភេទនេះ និងអនុញ្ញាតឱ្យរំលស់វិនិយោគ របស់ខ្លួនសម្រាប់អាណត្តិកំណត់ច្បាស់លាស់ តាមរយៈការប្រមូលចំណូលពីការបង់ភាស៊ី និងពីការបង់ថ្លៃជួលតូប រាន ស្តង់ នឹងកន្លែងលក់ដូរដទៃទៀត ពីអាជីវករលក់ដូរក្នុងផ្សារ តាមការកំណត់ក្នុងកិច្ចសន្យា និងសៀវភៅបន្ទុក។ ទន្ទឹមនេះ អ្នកវិនិយោគមានកាតព្វកិច្ចបង់ចំណូលចូលថវិការាជធានី ខេត្ត តាមការកំណត់ក្នុងកិច្ចសន្យា និងសៀវភៅបន្ទុក។ ក្រោយពេលចប់អាណត្តិ អ្នកវិនិយោគមានកាតព្វកិច្ចប្រគល់សំណង់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងអស់មកជាទ្រព្យសម្បត្តិ របស់រដ្ឋ។
សូមជំរាបថាផ្សារស្រីស្នំ ជាផ្សារប្រភេទ “គ” មានតូបប្រមាណជិត១៥០តូប និងមានអាជីវករ ១៥២នាក់។
ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីរ អភិបាលស្រុកស្រីស្នំ លោកហ៊ន់ ឫទ្ធិ និងអភិបាលរងស្រុកស្រីស្នំ លោក ឡុត ញាន បាននៅឡើយទេខណៈទំនាក់ទំនងតាមទូរស័ព្ទប្រព័ន្ធទំនាក់ទំនងឆ្លើយថាជាប់រវល់។ ដោយឡែកអ្នកម៉ៅការសាងសង់ផ្សារស្រីស្នំ លោក ឆាំ រាំ ក៏មិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នោះដែរ គ្រាន់តែបញ្ជាក់តាមតេឡេក្រមថា ញុំជាប់ប្រជុំបន្តិចបង ចាំចប់ញុំទាក់ទងទៅបង 🙏។
អ្នកនឹងពាក្យរដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា
កំពុងអោយបងអភិបាលរងទទួលបន្ទុកពិនិត្យមើលករណីខាងលើ។ ក្នុងនោះក៏បានបញ្ជាក់ផងដែរថាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចពិនិត្យករណីនេះ។
ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបកស្រាយបន្ថែម ពីលោកណម ពិសិដ្ឋប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាបនៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP