សម្ដេចធិបតីហ៊ុន ម៉ាណែត៖ គួរអោយសង្វេគដែរ សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ

0

ភ្នំពេញ៖សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2025 នេះ បានបង្ហោះនៅវីដេអូនិងសំណេរដូចខាងក្រោមនេះ៖ ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ បានជាលោក សម រង្ស៊ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់។ បទចម្រៀងរបស់គាត់មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារនិងមើលងាយអ្នកផ្សេង ជាពីសេសមកលើរូបខ្ញុំនិងក្រុមគ្រួសារ ក៏ដូចជាអំពាវនាវឲ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល។

ក្តីស្រមៃរបស់គាត់មានតែមួយគត់តាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សអោយទៅដណ្តើមយកឲ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច។ តាមព័ត៌មានក្រៅផ្លូវការដែលទទួលបានចុងក្រោយនេះ គឺថាលោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនោះ😅

ខ្ញុំឃើញប្អូនស្រី សំ សុខា ដែលធ្លាប់ជាអ្នកដើរតាមលោក សម រង្ស៊ី និយាយក្នុងវីដេអូខ្លីមួយនេះ។ សំដីរបស់ប្អូនស្រីហាក់ធ្វើឱ្យខ្ញុំមានអារម្មណ៍អាណិតលោក សម រង្ស៊ី ទៅវិញ ព្រោះគាត់ហាក់ដូចជាមានការស្រមើស្រមៃនិងវិលវល់ច្រើន រហូតដល់មានមោទនភាពលើខ្លួនឯងពេក — ដូចពាក្យខ្មែរមួយឃ្លាថា មនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង — ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។ គួរអោយសង្វេគដែរ សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ៕SRP