ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទម្លាយនូវព័ត៌មានដែលមានជនប៉ុនប៉ងធ្វើឃាតសម្ដេចនិងក្រុមគ្រួសារ។
សម្ដេចតេជោហ៊ុន សែន នៅថ្ងៃ ព្រហស្បិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសរសេរថា៖ ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយនៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំនិងគ្រួសារខ្ញុំ។
នៅលើទំព័រផេកហ្វេសប៊ុកផ្លូវការនិងតេឡេក្រាមសម្ដេចហ៊ុន សែន បានបន្តថា យើងដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា?តែយើងមិនទាន់បញ្ចេញនៅពេលនេះទេព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សានិយមឲ្យអស់សិន។
តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្សគាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។
យើងរង់ចាំមើលបណ្តាបក្សនយោបាយនិងអ្នកនយោបាយណាខ្លះដែលចេញមុខថ្កោលទោសឬនៅស្ងៀមឬគាំទ្រចំពោះទង្វើបែបនេះ។
ខ្ញុំសូមប្រកាសថាខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ដែលទី១មុន
ខ្ញុំប្រកាសនៅខេត្តកណ្តាលនិងទី២គឺក្រោយខ្ញុំប្រកាសគឺនៅថ្ងៃទី១២កុម្ភៈ២០២៥ម្សិលមិញ។
សូមជម្រាមថាក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយថា នៅប៉ុន្មានសប្តាហ៍មកនេះ មានការរៀបចំផែនការ ដើម្បីវាយប្រហារដោយយន្តហោះ(ដ្រូន) ចូលទៅក្នុងភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ ក្នុងគោលបំណងផ្តាច់ជីវិតរបស់សម្តេច។
នសម្តេចបានបញ្ជាក់ថា ផែនការនេះត្រូវបានសម្តេចដឹងជាមុន តាមរយៈសារសំឡេងសម្ងាត់ ដែលសម្តេចទទួលបាន ហើយសម្តេចបានស្នើដល់បរទេសទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការគាំទ្រណាមួយ ចំពោះសកម្មភាពភេរវកម្ម៕SRP

