រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណដល់បងប្អូនសាធារណជនទាំងអស់ ដែលបានចូលរួមផ្តល់មតិយោបល់ក្នុងន័យស្ថាបនា និងការអភិវឌ្ឍខេត្ត

0

ខេត្តសៀមរាប៖តាមរយ:សេចក្តីបំភ្លឺរបស់អាជ្ញាធរខេត្តសៀមរាប អំពីសួនច្បារក្នុងក្រុង​សៀមរាប​ ខេត្តសៀមរាប សូមថ្លែងអំណរគុណដល់បងប្អូនសាធារណជនទាំងអស់ ដែលបានចូលរួមផ្តល់មតិយោបល់ក្នុងន័យស្ថាបនា និងការអភិវឌ្ឍខេត្ត

រដ្ឋបាលខេត្តសៀមរាប ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះមានកិត្តិយសសូមជម្រាបជូនដល់បងប្អូនសាធារណជនមេត្តាជ្រាបថា រយៈពេលប៉ុន្មានថ្ងៃកន្លងមក មានសាធារណជនមួយចំនួន បានបញ្ចេញមតិយោបល់ជាច្រើន តាមបណ្តាញ-សង្គមថា មានការប្តូរឈ្មោះសួនព្រះរាជដំណាក់ខេត្តសៀមរាប។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តសូមបញ្ជាក់ជូនថា ពុំមានការប្តូរឈ្មោះ សួនព្រះរាជដំណាក់ នោះឡើយ ពីព្រោះ សួនព្រះរាជដំណាក់ ត្រូវបានក្រសួងព្រះបរមរាជវាំងរៀបចំរចនាបថកែលម្អ អមដោយ រូបចម្លាក់មេទ័ពទាំង១២ កាលពីជំនាន់មុន និងព្រះវិហារ ព្រះអង្គចេកព្រះអង្គចម ដែលបានរៀបចំធ្វើរបងព័ទ្ធជុំវិញរួចរាល់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២២ ហើយបរិវេណទាំងអស់ ដែលស្ថិតនៅក្នុងរបង គឺជាកម្មសិទ្ធិរបស់ព្រះរាជដំណាក់ ដោយពុំមានជនណាអាចប៉ះពាល់បានឡើយ។ ចំពោះសួនផ្សេងៗទៀត ដែលមិនស្ថិតនៅក្នុងរបងគឺជាសួនពុំទាន់មានឈ្មោះផ្លូវការនៅឡើយទេ ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬសួនហ្គ្រេនហូថែល។

ពាក់ព័ន្ធនឹងសួនតេជោសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងផ្តល់ជាអនុសាសន៍ដល់ រដ្ឋបាលខេត្តថា “សួនតេជោសន្តិភាព” គួរបានសិក្សាទីតាំងមួយដែលធំទូលាយក្នុងការរៀបចំសាងសង់ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ដើម្បីដាក់បង្ហាញពីប្រវត្តិនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលធ្វើឱ្យ ប្រទេសយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តត្រូវរៀបចំកែលម្អសោភណភាព នៃសួនទាំងអស់ដែលនៅជុំវិញសួនព្រះរាជដំណាក់ (ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬ សួនហ្គ្រេនហូថែល) ឱ្យកាន់តែស្រស់ស្អាត ដើម្បីលើកកម្ពស់កិត្យានុភាពអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈនៃយើងទាំងអស់គ្នា។ បន្ថែមលើសពីការកែលម្អក៏បង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ ការរៀបចំសួនត្រូវមានកន្លែងសម្រាប់ប្រជាពលរដ្ឋ អាចហាត់ប្រាណបានច្រើន និងសម្រាប់ប្រារព្ធ កម្មវិធីល្អៗជាច្រើនដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាជនខេត្តសៀមរាប។

រដ្ឋបាលខេត្តនិងជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ព្រមទាំងសាធារណជន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការរៀបចំការកែលម្អសួននេះបន្ថែមទៀត។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណដល់បងប្អូនសាធារណជនទាំងអស់ ដែលបានចូលរួមផ្តល់មតិយោបល់ក្នុងន័យស្ថាបនា និងការអភិវឌ្ឍខេត្ត៕SRP