ខេត្តសៀមរាប៖ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអះអាងថា ខ្ញុំបានសន្យាជាមួយ សម្តេចតេជោ ក៏សន្យាជាមួយ អ្នកខេត្តសៀមរាប នឹងរៀបចំសួនទាំងអស់ អោយល្អស្រស់ស្អាត។
អភិបាលខេត្តសៀមរាបបានបន្តថា ខ្ញុំបាទសូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប មិនដែលសូម្បីតែគិតថា ដូរឈ្មោះទីតាំងសាធារណះណាមួយទេ។
តាមរយៈទំព័រផេក facebook ផ្លូវការរបស់អភិបាលខេត្តសៀមរាបបានបង្ហាញថា សួនដ៏ស្រស់ស្អាតអើយ អ្នកស្រលាញ់គាំទ្រក៏ច្រើន អ្នកបារម្ភក៏មាន ហើយក៏មានអ្នកឆ្លៀតឱកាសបង្កាត់ភ្លើង។
ឯកឧត្តមអភិបាលខេត្តសៀមរាបបន្តទៀតថា
ប្រសាសន៍សម្តេចតេជោ
“រៀបចំសួន ដែលនៅជុំវិញ សួនព្រះរាជដំណាក់ ឲ្យកាន់តែស្រស់ស្អាត ដើម្បីលើកកម្ពស់កិត្យានុភាព អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈ នៃយើងទាំងអស់គ្នា បង្កើតភាពទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ រៀបចំឲ្យមានកន្លែងសម្រាប់ ប្រជាពលរដ្ឋ អាចហាត់ប្រាណបានច្រើន ក៏ជាកន្លែងសម្រាប់ អាចប្រារព្ធកម្មវិធីល្អៗ ជាច្រើនដែលបានផ្តល់ផលប្រយោជន៍ដល់អ្នកខេត្តសៀមរាប។
រដ្ឋបាលខេត្ត គួរបានសិក្សា ទីតាំងដែលល្អផ្សេង ពីសួននៅជុំវិញ សួនព្រះរាជដំណាក់ នេះ ដើម្បីដាក់បង្ហាញពីប្រវត្តិ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលធ្វេីឲ្យប្រទេសយើង មានសុខសន្តិភាពមកដល់ថ្ងៃនេះ”។
សូមជម្រាបថា កាលពីថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2024 រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ ស្តីពីការរៀបចំ កែលម្អ សួនតេជោសន្តិភាព ប៉ែកខាងលិច ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប៕SRP

