គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប

0

 ខេត្តសៀមរាប៖នៅថ្ងៃទី​៧ ខែកុម្ភះ ឆ្នាំ២០២៥  មានកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយអំពីគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងក្រុងសៀមរាប ជាមួយអាជ្ញាធរមូនដ្ឋាន ក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់គោកចក​និង​សង្កាត់ស្លក្រាម ក្រោមអធិបតេយ្យភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូននិងថ្នាក់ដឹកនាំគម្រោងមួយចំនួនទៀត។​

សូមជម្រាមថារាជរដ្ឋាភិបាលកម្ពុជាទទួលបាន ហិរញ្ញប្បទានសម្បទាន ពីធនាគារពិភពលោក (World Bank) ចំនួន ៥៥លានដុល្លារសហរដ្ឋអាមេរិកនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ២,៥លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងលើកកម្ពស់ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) នៅតាមខេត្ត និង ក្រុងមួយចំនួន ដែលបានជ្រើសរើសនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ អនុវត្តដោយក្រសួងចំនួន២ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (សមាសភាគទី១) និងក្រសួង សាធារណការ និងដឹកជញ្ជូន (សមាសភាគទី២)។

ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាសមាសភាគទី២ កំពុងតែបន្តអនុវត្តលើការងារ លើកកម្ពស់សេវាកម្មអនាម័យ ក្នុងតំបន់គោលដៅខាងលើ ស្ថិតក្នុងក្រុងសៀមរាប រួមមាន (១) ការងារសាងសង់បណ្តាញលូខ្នែង ខ្នែងរង ​ប្រវែង​សរុប ១៧.៥៧៧ម៉ែត្រ (២) ការងារសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួនពីរ និង(៣)  តំណភ្ជាប់តាមផ្ទះសរុបចំនួន១.២០៧ តំណ ស្ថិត ភូមិត្រពាំងសេះ និង ភូមិកស្សិណខាងត្បូង (សង្កាត់គោកចក)​និង ភូមិស្លក្រាម ភូមិបឹងដូនប៉ា និង ភូមិទ្រាំង​ (សង្កាត់ស្លក្រាម) ហើយ ការសាងសង់ខាងលើនេះនឹងត្រូវប្រើពេល១ឆ្នាំ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៥។

គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានដូចជា​(១).ទឹកកខ្វក់ចេញពីបង្គន់ ផ្ទះបាយនឹងត្រូវបានប្រមូលនិងសម្អាតនៅរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ដាច់ដោយឡែកចេញពីទឹកភ្លៀង​និងជួយកាត់បន្ថយបរិមាណទឹកកខ្វក់ហូរចូលទៅក្នុងស្ទឹងសៀមរាបបានយ៉ាងច្រើនរួមចំណែកធ្វើឱ្យគុណភាពទឹកនៅក្នុងស្ទឹងមានភាពកាន់តែប្រសើរឡើង (២).ការប្រមូល ការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងការបញ្ចេញចោលប្រកបដោយភាពត្រឹមត្រូវ និងជួយកាត់បន្ថយនូវហានិយភ័យនៃការបង្ករជំងឺផ្សេងៗដូចជា ជំងឺរាគរូស សត្វល្អិត ជំងឺគ្រុនពោះវៀនជាដើម និងជួយកាត់បន្ថយការចំណាយលើការថែទាំសុខភាពក្នុងគ្រួសារ (៣).លើកកម្ពស់ សុខភាព បរិស្ថាន ពាណិជ្ជកម្ម និង​វិស័យ​ទេសចរ និងជួយបង្កើនឱកាសការងារ សម្រាប់ប្រជាពល​រដ្ឋ​នៅក្នុង ក្រុងសៀមរាប (៤).លើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ និងសុខមាលភាព​របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសៀមរាប ទទួលបានផលប្រយោជន៍រយៈពេលវែងនិងប្រកបដោយនិរន្តរភាព(៥).ចំពោះតម្លៃសេវាកម្មនៃការគ្រប់គ្រងនិងការបញ្ចេញចោលគឺទាបជាងច្រើនបើធៀបទៅនឹងការប្រើប្រាស់សេវាកម្មបញ្ចេញចោលឯកជននិង(៦).ក្នុងកំឡុងពេលអនុវត្តគម្រោងនេះ បងប្អូនប្រជាពលរដ្ឋ នឹងមិនតម្រូវឱ្យបង់ថ្លៃសម្រាប់សេវ៉ាតភ្ជាប់តាមផ្ទះឡើយ អញ្ចឹងសូមបងប្អូនរួសរាន់មកដាក់ពាក្យមុនគម្រោងបញ្ចប់។

ដោយសារគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បងប្អូនដូចបានជំរាបខាងលើដូច្នេះសូមបងប្អូនដែលមានលំនៅដ្ឋានក្នុងទីតាំង ភូមិ និងសង្កាត់ខាងលើ មេត្តារួសរាន់ ក្នុងការដាក់ពាក្យស្នើសុំតភ្ជាប់បណ្តាញលូទឹកកខ្វក់អោយបានទាន់ពេលវេលាមុនគម្រោងបញ្ចាប់ដោយមិនតម្រូវឱ្យបង់ថ្លៃសម្រាប់សេវ៉ាតភ្ជាប់តាមផ្ទះឡើយ ។ តែក្រោយគម្រោងបញ្ចប់ បងប្អូននឹងត្រូវចំនាយថវិកា ផ្ទាល់ខ្លួនក្នុងការស្នើសុំតភ្ចាប់តាមផ្ទះនីមួយៗ។​

សម្រាប់ទំនាក់ទំនងក្នុងការស្នើសុំការតភ្ជាប់ សូមមេត្តាទាក់ទងមកលេខទូរស័ព្ទ : 089 818 145