លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ «ទីវត្តអារាមអាចជួយអោយប្រជាពលរដ្ឋទទួលបាននៅចំណេះដឹង និងជាទីស្ងប់សុខសម្រាប់ជនគ្រប់រូប»

0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាបានលើកទ្បើងថា ក្រោយពីសម័យសង្រ្គាម មកវត្តអារាមក្នុងប្រទេសកម្ពុជារីកដុះដាលយ៉ាងច្រើនរហូតជាង៥ពាន់វត្តនៅប្រទេសកម្ពុជា មានព្រះសង្ឃរហូតជាង៧ម៉ឺនអង្គទូទាំងប្រទេស។

លោកជំទាវបណ្ឌិតបន្តថា វត្តអារាមជាទីកន្លែងផ្តល់នូវចំណេះដឹង ជាពិសេក្មេងៗជំនាន់ក្រោយ ព្រោះព្រះសង្ឃ និងទីវត្តអារាម គឺជាកន្លែងអប់រំមនុស្សអោយធ្វើអំពើល្អ តាមរយ: ព្រះសង្ឃអាចបញ្ជ្រៀបដំបូន្មានល្អៗដល់ប្រជាពុទ្ធបរិស័ទ អោយយល់ដឹងអំពី សុជីវធម៌ គុណធម៌ មានមេតា្តធម៌ ដែលទាំងអស់នេះហើយគឺជាគោលការណ៍គ្រឹះក្នុងការរស់នៅរបស់យើងក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើអោយប្រទេសជាតិកាន់តែមានសុខសន្តិភាព «ដូច្នេះទីវត្តអារាមអាចជួយអោយប្រជាពលរដ្ឋទទួលបាននៅចំណេះដឹង និងជាទីស្ងប់សុខសម្រាប់ជនគ្រប់រូប»។

ឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋ ដែលបានចូលរួម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញសម្ពោធសមិទ្ធផល​នៅវត្តវេឡុវ័ន្ត ខេត្តតាកែវនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សូមជម្រាបថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ជា​អធិបតី សម្ពោធឆ្លងបណ្ណាល័យ និងសមិទ្ធផលនានា ព្រមទាំងស្រោចស្រពសុគន្ធវារី ចម្រើន​ព្រះជន្ម ប្រគេនព្រះអង្គគ្រូធម្មត្ថេរោ សែម សារិន្ទ ព្រះចៅអធិការវត្តវេឡុវ័ន្ត (ហៅវត្ត​ត្រពាំង​ខ្នារ​) ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ពិធីនេះ​មានការ និមន្ត និងអញ្ជើញចូលរួមដោយគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដឹក​នាំ​ដោយសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណៈ​សង្ឃ​នាយក ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ សម្តេចសង្ឃ ព្រះថេរានុ​ថេរៈ​គ្រប់​ព្រះអង្គ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ព្រមទាំងឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។

សូមជម្រាបថាក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាននាំយកនូវទេយ្យទាន និងប្រគេនបច្ច័យមួយចំនួន ថ្វាយប្រគេនដល់សម្តេចសង្ឃ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ និងជូនថវិកាដល់ តាជី យាយជី យុវជនកាយឬទ្ធ យុវជនកាកបាទក្រហម យុវជន អ.ម.ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ៕SRP