អភិបាលខេត្តបាត់ដំបង៖ ការប្រារព្ធទិវាបរិស្ថាននេះ ដើម្បីអប់រំផ្សព្វផ្សាយមហាជន ប្រជាជន គ្រប់មជ្ឈដ្ឋានទាំងអស់ ឲ្យយល់ដឹងពីអនាម័យបរិស្ថានជុំវិញខ្លួន

អភិបាលខេត្តបាត់ដំបង៖ ការប្រារព្ធទិវាបរិស្ថាននេះ ដើម្បីអប់រំផ្សព្វផ្សាយមហាជន ប្រជាជន គ្រប់មជ្ឈដ្ឋានទាំងអស់ ឲ្យយល់ដឹងពីអនាម័យបរិស្ថានជុំវិញខ្លួន

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍បន្តទៀតថា ការប្រារព្ធទិវាបរិស្ថាននេះ ដើម្បីអប់រំផ្សព្វផ្សាយមហាជន ប្រជាជន គ្រប់មជ្ឈដ្ឋានទាំងអស់ ឲ្យយល់ដឹងពីអនាម័យបរិស្ថានជុំវិញខ្លួន ហើយដើម្បីធ្វើការក្រើនរំលឹកដល់មហាជន ប្រជាជន ទាំងអស់អំពីការចូលរួមសំអាតបរិស្ថាន ឲ្យបានស្អាតជាប្រចាំ ព្រោះថា បន្ទាប់ពីបញ្ចប់ទិវានេះរួច បរិស្ថានមិនអាចស្អាតបានជារៀងរហូតឡើយ លុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការចូលរួមសំអាតទាំងអស់គ្នា ទើបអនាម័យបរិស្ថានបានស្អាតជារៀងរហូត។

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃព្រហស្បតិ៍ នេះក្នុងឱកាស រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ” ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព“៊

ឯកឧត្តម សុខ លូ ថ្លែងថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា តែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បី បំផុសចលនា ឱ្យសាធារណជន អង្គភាព វិស័យឯកជន សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ចូលរួមធ្វើអនាម័យបរិស្ថានសំអាតលំនៅឋាន ទីកន្លែងធ្វើការ និងអាជីវកម្ម ដើម្បីការរួមចំណែកកែលំអ សោភ័ណភាពមូលដ្ឋានរបស់ខ្លួនឱ្យស្អាត និងបៃតង សំដៅកែប្រែផ្នត់គំនិត របស់សាធារណជន អ្នកពាក់ព័ន្ធ នានាគ្រប់ស្រទាប់វណ្ណៈ ឱ្យចេះគ្រប់គ្រងសំណល់សំរាម និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន កាន់តែច្រើន ឡើង ម្យ៉ាងវិញទៀត រាល់សកម្មភាពទិវាអនាម័យបរិស្ថានជាតិនេះ បានជំរុញដល់ការចូលរួមអនុវត្តមុខងារ គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់ក្រុង ស្រុកទូទាំងខេត្តបាត់ដំបងយើង ដែលក្រសួងបរិស្ថាន បានប្រតិភូកម្មឱ្យថ្នាក់ក្រោមជាតិ ជាពិសេស ការអនុវត្តក្រោមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងលក្ខណៈសម្បត្តិទី៦ បានចែងថា មានអនាម័យ មានសោភ័ណភាព និងបរិស្ថានល្អ៕SRP