ឯកឧត្តម ទៀ សីហា ជំរុញឱ្យអាជ្ញាធរទូទាំងខេត្តសៀមរាបបន្តបំពេញតួនាទីភារកិច្ចឱ្យបានកាន់តែល្អបន្ថែមទៀត

ឯកឧត្តម ទៀ សីហា ជំរុញឱ្យអាជ្ញាធរទូទាំងខេត្តសៀមរាបបន្តបំពេញតួនាទីភារកិច្ចឱ្យបានកាន់តែល្អបន្ថែមទៀត

ខេត្តសៀមរាប៖ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តសៀមរាប ដែលបានបំពេញ តួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលជាច្រើន រួមចំណែកយ៉ាងសំខាន់ ជាមួយក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល នៅក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ។

ឯកឧត្តម ទៀ សីហា លើកឡើងថា ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយ ដ៏មានសារៈសំខាន់ សម្រាប់ការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាបន្តទៀតប្រកបដោយភាពធន់ សមធម៌ និងមាននិរន្តរភាព។ ក្នុងនោះស្នូលនៃយុទ្ធសាស្ត្រនេះដែរ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីធានាសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាពលើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខិតខំរួមគ្នា ប្តេជ្ញាចិត្តអនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៥ នេះ មានជាអាទិ៍ ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពសង្គមឱ្យបានរឹងមាំ យកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់ ចលនាឧទ្ទាម និងបដិវត្តពណ៌នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈជាដើម។ ក្នុងនោះក៏ស្នើឱ្យរដ្ឋបាលខេត្ត ក្រសួងបរិស្ថាន ក្រសួងកសិកម្ម អាជ្ញាធរជាតិអប្សរា និងក្រសួងរៀបចំដែនដី រួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធិ ជាពិសេសនៅតំបន់ភ្នំគូលែន ឱ្យបានកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ឯកឧត្តមទៀ សីហា មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា សន្និបាតនេះ ជារបៀបវារៈការងារមួយដ៏សំខាន់ និងតែងតែបានរៀបចំឡើងជារៀងរាល់ឆ្នាំ ស្របតាមគោលការណ៍ ណែនាំដែលបានកំណត់ ដើម្បីរដ្ឋបាលខេត្ត ធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលការងារ ដែលសម្រេចបាននៅក្នុងរយៈពេលពេញមួយឆ្នាំកន្លងមក ព្រមទាំងពិនិត្យមើលនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីរិះរកមធ្យោបាយ ឬដំណោះស្រាយ ឱ្យបានសមស្រប រួមជាមួយនឹងការដាក់ចេញទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ប្រកបដោយភាពម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយដែលអាចឆ្លើយតបនឹងតម្រូវការចាំបាច់នៅក្នុងខេត្ត៕SRP