ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាបឯកឧត្តមប្រាក់ សោភ័ណ បានដាក់បទបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាបានសន្តិសុខស្ដាប់ធ្នាប់សាធារណៈល្អជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។
មានប្រសាសន៍ថ្លែងនៅក្នុងឱកាសបូកសរុបលទ្ធផល សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី១ ម្សិលមិញ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានធ្វើការណែនាំជាគោលការណ៍ និងវិធានការគន្លឹះសំខាន់ៗ ក្នុងការបន្តអនុវត្តការងារ និងដោះស្រាយ បញ្ហាប្រឈមនានា ហើយត្រូវអនុវត្តការងាររួមគ្នាសម្រាប់ឆ្នាំ២០២៥។
អភិបាលខេត្តសៀមរាបរូបនេះបានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច ក្រុង ស្រុកត្រូវធានា បានការងារសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសល្បែងស៊ីសង ក្មេងទំនើង និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” និងចលនាប្រឡងប្រណាំង និងបន្តការគ្រប់គ្រងកម្លាំងប្រជាការពារ និងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងចលនា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍ ក្នុងករណីមានបាតុភាព ឬករណីសង្ស័យណាមួយ មកសមត្ថកិច្ច បន្តរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពផងដែរ។
ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្ត បានថ្លែងបន្ថែមថា ត្រូវបន្តការធ្វើទេសន្តរប្រវេសន៍ ការងារដោយស្របច្បាប់ និងត្រូវជំរុញចុះបញ្ជីជនបរទេស ដែលស្នាក់បណ្តោះអាសន្នចូលក្នុងប្រព័ន្ធ។ ទន្ទឹមនឹងនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គ្រប់ប្រភេទនៅមូលដ្ឋាន ពិសេសទំនាស់ដីធ្លី ព្រមទាំងជំរុញការចុះបញ្ជីដីរដ្ឋ ការរៀបចំផែនទីព្រំប្រទល់រដ្ឋបាល ផែនទីបច្ចុប្បន្នភាព ផែនទីប្រើប្រាស់ដី និងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្ត។
នៅក្នុងពិធីឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា រដ្ឋបាលក្រុង ស្រុក ត្រូវធ្វេីការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ សំណង់ខុសច្បាប់គ្រប់ប្រភេទ និងការគ្រប់គ្រង សេវាសុខាភិបាលឯកជន និងឱសថស្ថាន ដោយលុបបំបាត់ទាំងស្រុងសេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយជាដើម៕SRP