ឯកឧត្តមនេត សាវឿន អះអាងថា៖ ខេត្តកំពង់ចាម មានលទ្ធផលខ្ពស់ ក្នុងការបង្ក្រាបបទល្មើស ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានសេចកក្តីសុខ

ខេត្តកំពង់ចាម៖ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តមានលទ្ធផលខ្ពស់ ក្នុងការបង្ក្រាបបទល្មើស ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានសេចក្តីសុខ។

ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន៖ បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម សូមអបអរនូវលទ្ធផលការងារល្អប្រសើរដែលខេត្តសម្រេចបាន ក្នុងនោះ ដូចជាការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ធ្វើឱ្យបទល្មើសទូទៅមានការថយចុះ ប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ បង្ករលក្ខណៈជូនពួកគាត់ ដើម្បីបំពេញកិច្ចការប្រចាំថ្ងៃបានល្អប្រសើរ។

ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់ទៀតថា ចំពោះការបង្ក្រាបទប់ស្កាត់បទល្មើស ជារួមបើប្រៀបធៀបទៅនឹងបណ្ដាខេត្តផ្សេងៗ ឃើញថា ខេត្តកំពង់ចាមមានលទ្ធផលបង្ក្រាបខ្ពស់ ក្នុងចំណោមខេត្តដែលលេចធ្លោ។ ក្នុងនោះដែរ ចំពោះបទល្មើសគ្រឿងញៀន ក៏មានការបង្ក្រាបអប់រំដំណើរការបានល្អ និងចំពោះករណីក្មេងទំនើង ក៏បានចាត់ចែងទប់ស្កាត់បានល្អប្រសើរផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានលើកឡើងផងដែរថា ចំពោះការអភិវឌ្ឍន៍ ចំពោះការរក្សាសមិទ្ធផល លើវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម បើទោះបីខេត្តកំពង់ចាមជួបនូវបញ្ហាគ្រោះធម្មជាតិខ្លះៗ ក៏ប៉ុន្តែដំណើរការជារួម លើកគ្រប់វិស័យខាងផ្នែកសេដ្ឋកិច្ច នៅតែដំណើរការបានល្អប្រសើរ។ ជាមួយគ្នានេះ ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គឺដំណើរការបានយ៉ាងពេញលេញ ក្នុងការបម្រើសេវាសាធារណៈ គ្រប់គ្រងរដ្ឋបាលដែនដី ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងចាត់ទុកខេត្តកំពង់ចាម ជាខេត្តគំរូទូទាំងប្រទេស ក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋហើយទាំងស្រុងផងដែរ៕SRP