សម្ដេចតេជោហ៊ុន សែន រម្លឹកពេលកាន់តំណែងជានាយករដ្ឋមន្ត្រី៖ មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅព្រឹកថ្ងៃអង្គារទី 14 ខែមករា ឆ្នាំ 2025 នេះបានបង្ហឡសំណេរនិងរូបភាពរំលឹកពីអតីតកាលកាន់តំណែងជានាយករដ្ឋមន្ត្រី។

សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖
ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភា
បោះឆ្នោតឲ្យខ្ញុំកាន់តំណែងជាប្រធាន
ក្រុមប្រឹក្សារដ្ឋមន្ត្រីដែលពេលនេះហៅ
ថានាយករដ្ឋមន្ត្រី (១៤មករា១៩៨៥-១៤
មករា២០២៥)បន្ទាប់ពីបំពេញតួនាទីជា
ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទី ពីខែកញ្ញាឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជម្ងឺនៅទីក្រុងមូស្គូនិងទទួលមរណភាពនាខែធ្នូ១៩៨៤។

មុនកាន់តំណែងជានាយករដ្ឋមន្ត្រីខ្ញុំ
កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា១៩៧៩ដល់ខែមិថុនា១៩៨១ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា១៩៨១ក្នុងវ័យ២៩ឆ្នាំខ្ញុំ
កាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកាន់តំណែងជា
ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រីនិងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។

សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេលនេះមានរយៈពេល៤៦ឆ្នាំ ហើយនិងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេសនិងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ (១៩៧០-២០២៥)។

ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរ
ជីវិតការលំបាកបានគ្របដណ្តប់មិនតិច
ជាង៩០ភាគរយនោះឡើយ។

ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែងក្នុងសភាក្រោយជាប់ឆ្នោត ជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា(មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ)។ មូលហេតុដែលខ្ញុំលើកឡើងបែបនេះ
ដោយសាររដូវវស្សាឆ្នាំ១៩៨៤មានទឹក
ជំនន់ផងនិងរាំងស្ងួតផងដែលធ្វើឲ្យ
ប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។

អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះស្រាយស្បៀង ជូនប្រជាជនដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លីគឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។ ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ២៦ឆ្នាំ ៣២ឆ្នាំនិងចុងក្រោយ៧២ឆ្នាំដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ៕SRP