ខេត្តព្រះវិហារ៖រហូតមកដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ នេះ គេនៅកុំទាន់ឃើញ ក្រសួងពាក់ព័ន្ធនាៗ ចេញសេចក្សីបំភ្លឺជុំវិញ ក្រុមហ៊ុនសុវណ្ណភូមិ វិនិយោគ កសិ.ឧស្សហកម្ម របស់ឧកញ៉ា អាន ម៉ាឌី នៅស្រុករវៀង ខេត្តព្រះវិហារ ឈូសឆាយចូលដីរដ្ឋរាប់រយហិកតា នៅឡើយទេ។ ប្រការដែលក្រសួងពាក់ព័ន្ធ រក្សាភាពស្ងប់ស្ងាត់ មិនបញ្ចេញប្រតិកម្ម ឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មាន ក្នុងស្រុកដែលបានផ្សព្វផ្សាយ យ៉ាងព្រោងព្រាតបែបនេះ គេនៅកុំទាន់ដឹងថា មានមូលហេតុអ្វីនោះដែរ ជាហេតុធ្វើឲ្យក្រុមហ៊ុនមួយនេះមានអំណាចកាន់តែខ្លាំងមិនញញើតនឹងច្បាប់ឡើយ។
កាលពីថ្មីៗ នេះ ក្រុមអ្នកស្រឡាញ់ព្រៃឈើនិងមន្ត្រីជំនាញនៃខេត្តព្រះវិហារ និងមន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានចុះទៅសិក្សាស្រាវជ្រាវ ទីតាំងឈូសឆាយដី របស់ក្រុមហ៊ុនសុវណ្ណភូមិ ដែលមានលោកឧកញ៉ាអាន ម៉ាឌី ជាម្ចាស់ក្រុមហ៊ុន បានដាក់គ្រឿងចក្រ ជាច្រើនគ្រឿង ធ្វើសកម្មភាព ឈូសឆាយចូលដីរដ្ឋ អស់ជាង៥០០ហិកតា នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង។
លោក តាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ បានសរសេរបញ្ជាក់នៅលើ ទំព័រfacebook
លោកតាន់ គឹមសួរ (tan kimsour)ថា ខ្ញុំគិតថា បើរដ្ឋាភិបាល មិនមានវិធានការ សមស្រប ណាមួយទៅលើក្រុមហ៊ុនទាំងឡាយណា ដែលមានការឈូសបំពានទៅលើដីព្រៃរដ្ឋ (បំផ្លាញធនធានធម្មជាតិយ៉ាងសន្ធឹកសន្ធាប់) និងមិនគោរពតាមលក្ខខណ្ឌដែលរដ្ឋដាក់ឲ្យទេ មហាជន នឹងមិនមានការសប្បាយចិត្តទេ ដោយគិតថា នេះគឺជារឿងដែលអយុត្តិធម៌បំផុត ដែលប្រជាជនធម្មតា ប្រព្រឹត្តិបទល្មើសព្រៃឈើ បន្តិចបន្តួច មានការដាក់ទោស ចាប់ចងដោយមិនមានការលើកលែង រីឯក្រុមហ៊ុន ឈូសបំពានរាប់រយហិកតាបែរជាមិនមានចំណាត់ការ អ្វីទៅវិញ ឬ មានចំណាត់ការដែរ តែចំណាត់ ដែលមានការយោគយល់ទៅវិញ។ ហើយករណី ត្រីងៀតឆ្លៀតពង ឬកន្ទែលធំបន្លំដេក នឹងកើតមានឡើងជាបន្តបន្ទាប់។
លោកតាន់ គឹមសួរ បន្តថា ខ្ញុំបានរកឃើញថាក្រុមហ៊ុនសុវណ្ណភូមិ របស់លោកឧកញ៉ាអាន ម៉ាឌី នៅខេត្តព្រះវិហារ បានបំពាននូវលក្ខខណ្ឌ ដែលរដ្ឋ បានដាក់ជូនស្ទើរតែទាំងស្រុង (ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានទទួលខុសត្រូវ លើសម្ដីរបស់ខ្ញុំ ចំពោះមុខច្បាប់)។
បើតាមលោកតាន់ គឹមសួរ បានបន្តថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបាទ បានចុះទៅជាមួយមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទៅដល់ក្រុមហ៊ុនសុវណ្ណភូមិ នេះផ្ទាល់ ហើយបានសង្កេតឃើញថា ក្រុមហ៊ុន មិនបានអនុវត្តអនុវត្តតាមគោលការណ៍ ដែលក្រសួងបានដាក់ឲ្យ ៖
១/ មុនចាប់ផ្ដើមដំណើរការ ឈូសឆាយ ក្រុមហ៊ុនមិនបានសហការ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីធ្វើការកំណត់ នូវតំបន់ឈូសឆាយ។
២/ ក្រុមហ៊ុន បានធ្វើការឈូសឆាយប៉ះនូវតំបន់ទ្រនាប់ដងអូរ ដែលក្រសួងមានការហាមប្រាមជាដាច់ខាត។
៣/ ឈូសបំផ្លាញដីព្រៃរក្សាទុករបស់រដ្ឋ អស់ជាច្រើនហិកតា។
៤/ មិនមានបិទ logo លើគ្រឿងចក្រ-យានយន្ត និងមិនបានអនុវត្ត តាមវិធានបច្ចេកទេស ជាធរមាន ដោយមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ធ្វើការតាមដាន លើដំណើរការ ឈូសឆាយរបស់ក្រុមហ៊ុន។
៥/ មិនបានធ្វើការឈូសឆាយ ក្នុងមួយអនុតំបន់ម្ដង ហើយធ្វើការដាំដុះភ្លាម តាមលក្ខខណ្ឌ ដែលក្រសួងបានដាក់ឲ្យនោះទេ។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាល នឹងមិនមានការយោគយល់ ចំពោះទង្វើត្រីងៀត ឆ្លៀតពង ឬដូចប្រសាសន៍ របស់សម្ដេចធិបតី នាយករដ្ធមន្ត្រី បានលើកឡើងថា កន្ទេលធំ បន្លំដេក នេះជាដាច់ខាត។
ជុំវិញ ការលើកឡើង របស់លោក តាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ ដែលអះអាងថា
ក្រុមហ៊ុន សុវណ្ណភូមិ របស់ឧកញ៉ា អាន ម៉ាឌី នៅស្រុករវៀង ខេត្តព្រះវិហារ ឈូសឆាយប៉ះដីរដ្ឋរាប់រយហិកតា បែបបេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រសួងពាក់ព័ន្ធនិងក្រុមហ៊ុនសុវណ្ណភូមិ របស់លោកឧកញ៉ាអាន ម៉ាឌី នៅឡើយទេ រហូតមកដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ៕SRP