ខេត្តសៀមរាប៖លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានអះអាងថា ការកាប់ព្រៃទន្ទ្រានដី យកធ្វើកម្មសិទ្ធិដោយខុសច្បាប់ នៅតែមានការកើតឡើងគួរឱ្យកត់សម្គាល់ ដែលអ្នកពាក់ព័ន្ធ ត្រូវរួមគ្នាគិតពិភាក្សាដោះស្រាយ ឱ្យបានត្រឹមត្រូវតាមច្បាប់គតិយុត្ដ។ ជាមួយនោះ មន្ដ្រីពាក់ព័ន្ធ ត្រូវបង្ហាញពីផ្ទៃដីដែលជនខិលខូច កាប់ព្រៃទន្រ្ទានយកដីក្នុងដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ដើម្បីធ្វើរបាយការណ៍ជូនក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាល។
លោកអភិបាលរងខេត្តបន្តថា ក្រោយពេលពិនិត្យរកឃើញបទល្មើសធនធានធម្មជាតិច្បាស់លាស់ អ្នកពាក់ព័ន្ធ ត្រូវសុំគោលការណ៍ថ្នាក់ដឹកនាំធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ លោកបន្ថែមថា គ្មានអ្នកណាម្នាក់ អាចលាក់បាំងជិត ក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ ដូច្នេះអ្នកពាក់ព័ន្ធ ត្រូវទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យបានជាដាច់ខាត ដេីម្បីដាក់ទោសទៅតាមផ្លូវច្បាប់។
លោកបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងភ្នំត្នោត-ភ្នំពក នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ។
បើតាមលោក ឃឺន សុគុណវិសិទ្ធ អនុប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប បានឱ្យដឹងថា រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដែនជម្រកសត្វព្រៃបឹងពែរ ក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការចុះល្បាតពិនិត្យជាក់ស្តែង លើទីតាំងដីរងការទន្ទ្រាន ២០១ ទីតាំង ក្នុងនោះមាន ៨ទីតាំង ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ, ទីតាំងឈូសឆាយដីព្រៃថ្មី ៦ទីតាំង ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ ហេីយទីតាំងកាន់កាប់ខុសច្បាប់ឃើញមានដាំដំឡូង ស្រូវ និងចន្ទីមាន ១៨០ទីតាំង។ ទីតាំងធ្លាប់កសាងសំណុំរឿង ៧ទីតាំង នៅតែបន្តគ្រប់គ្រងដោយឃើញមានដាំដំឡូង។
លោកបានបន្តថា ចំពោះដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្រុមការងារបានធ្វើការចុះល្បាត ពិនិត្យ ជាក់ស្តែងទីតាំងដីរងការទន្ទ្រាន ១៥៦ទីតាំង ក្នុងនោះទីតាំងកាប់រុករានដីព្រៃថ្មីចំនួន ៩ទីតាំង ពុំឃើញមានដាំដំណាំអ្វីនៅលើទីតាំងនេះទេ, ទីតាំងកាន់កាប់ខុសច្បាប់ឃើញ មានដាំដំឡូង ស្រូវ ចេក ខ្នុរ ចេក និងចន្ទីមានចំនួន ១៣៧ទីតាំង និងទីតាំងធ្លាប់កសាងសំណុំរឿងចំនួន ១០ទីតាំង នៅតែបន្តគ្រប់គ្រងឃើញមានដាំដំឡូង៕SRP