អភិបាលខេត្តសៀមរាប ប្រាប់មន្ត្រីទាំងអស់ ត្រូវអនុវត្តឲ្យខាងតែបាន ចំពោះរាល់បទល្មើស ដើមី្បធានាសុវត្ថិភាព ជូនដល់ពលរដ្ឋ និង ភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងធ្វើការជម្រុញដល់អាជ្ញាធរក្រុង ស្រុក និង កងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តឲ្យខាងតែបាន ចំពោះរាល់បទល្មើសដែលតែងកើតមានឡើងនៅក្នុងមូលដ្ឋានខ្លួន ដើមី្បធានានូវសន្តិសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និង ភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប។

ឯកឧត្តមក៏បានជម្រុញផងដែរ ចំពោះអាជ្ញាធរក្រុង ស្រុក ដែលមានភូមិសាស្ត្រជាប់បឹងទន្លេសាប ត្រូវអនុវត្តឲ្យខាងតែបាន ចំពោះបុគ្គលណា ដែលបំពានកាប់រានទន្ទ្រាយព្រៃលិចទឹកនៅតំបន់បី បឹងទន្លេសាប ជននោះ ត្រូវទទួលទោលទៅតាមច្បាប់ ព្រមទាំងជម្រកព្រៃឈើនៃតំបន់ ឧទ្យានជាតិ ដោយកន្លែងមក រាជរដ្ឋាភិបាល ក៏ត្រូវបានបញ្ចប់នូវការកាត់ឆ្វៀលដីនៅតំបន់បីបឹងទន្លេសាបផងដែរ។

អភិបាលខេត្ត ក៏បានធ្វើការក្រើនរំលឹកដល់មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងទាំងអស់ ត្រូវធ្វើការណែនាំ អប់រំដល់កូនចៅ បងប្អូនសាច់ញ្ញាតិ របស់ខ្លួន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ក្រុមក្មេងទំនើង ព្រមទាំងបញ្ហាផ្សេងៗ សំដៅលុប បំបាត់ឲ្យអស់នូវប្រពៃណីអន្តរាគមន៍។ ឯកឧត្តមប្រាក់ សោភ័ណ ក៏បានធ្វើការកោតសរសើរ ចំពោះកងកម្លាំងទាំងបី បាន យកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាព និងបរិស្ថាន ក្នុងការលើកកម្ពស់ដល់វិស័យ ទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលធ្វើឲ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមានការជឿជាក់ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមប្រាក់ សោភ័ណ មានប្រសាសន៍ជំរុញបែបនេះក្នុងកិច្ច ប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អស់លោកលោកស្រីជាគណៈអភិបាលខេត្ត នាយក ,នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកផងដែរ។

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផល ដែលរដ្ឋបាលខេត្តសៀមរាប សម្រេចបានប្រចាំឆ្នាំ២០២៤ ព្រមទាំងបានធ្វើការឯកភាពនូវរាល់ប្រសាសន៍របស់ឯកឧត្តម អភិបាលខេត្តបានលើកឡើង ដែលជាវិធានការដ៏ល្អ ក្នុងការអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំ និង ផ្តល់នូវអនុសាសន៍ល្អៗ មួយចំនួន ដល់សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ត្រូវចូលរួមសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តគោលនយោបាយ បញ្ចកោណ ដំណាកាលទី១ របស់រាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យសម្រេចជោគជ័យ ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ខេត្តនៅឆ្នាំ២០២៥ និង អាចសម្រេចបាន ដោយសារការរំពឹងទុកនៃការត្រឡប់មក រកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងទំនុកចិត្តរបស់អ្នកវិនិយោគ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវតុល្យភាព។ ឯកឧត្តមក៏បានលើកផងដែរ អំពីវិស័យទេសចរណ៍ នៅខេត្តសៀមរាប បានចាប់ផ្តើមមានកំណើនជាបណ្តើរៗឡើងវិញគួឲ្យកត់សំគាល់ និងសំដៅធ្វើការអភិវឌ្ឍខេត្ត លើគ្រប់ហេដ្ឋារចនាសម្ព័ន្ត សមស្របជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨នេះ ក៏មានបើកកិច្ចប្រជុំសម្ងាត់ ដោយពិនិត្យ ពិភាក្សា និង អនុម័តទៅលើសំណើសុំតែងតាំងមន្ត្រីរាជការ ស៊ីវិល ចំណុះរចនាសម្ព័ន្ធសាលាខេត្តផងដែរ៕SRP