សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដាស់តឿន និងជំរុញអង្គសន្និបាត ក្នុងឆ្នាំ២០២៥ ត្រូវចាត់ការសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងព្រហ្មទណ្ឌ ឱ្យបានលឿន ឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌

ខេត្តសៀមរាប៖ឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប, ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដាស់តឿន និងជំរុញអង្គសន្និបាត ក្នុងឆ្នាំ២០២៥ ត្រូវចាត់ការសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងព្រហ្មទណ្ឌ ឱ្យបានលឿន ឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសសំណុំរឿង អាទិភាពទាំង៣ (គ្រឿងញៀន, ចរាចរណ៍ និងអត្រានុកូលដ្ឋាន) និងសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងផងដែរ។

ឯកឧត្តមទាំងពីរមានប្រសាសន៍ជំរុញយ៉ាងដូច្នេះ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុងឱកាសរៀបចំសន្និបាតបូកសរុបលទ្ធលផលការងារឆ្នាំ២០២៤ និងកំណត់ទិសដៅ ការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូង, ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង, លោក ច័ន្ទ សត្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលតុលាការនៃក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានសាលាដំបូង លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម ចៅក្រមកម្មសិក្សា លោក-លោកស្រីក្រឡាបញ្ជី លោកអាជ្ញាសាលា លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន និងមន្ត្រីទាំងអស់នៃលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តសៀមរាប តាមរបៀបវារៈនៃអង្គសន្និបាត។

ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា ក៏បានណែនាំឱ្យបន្តអនុវត្តតាមផែនការរបស់ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្តីពីការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយ រឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

អង្គសន្និបាតបានប្រព្រឹត្តទៅដោយរលូន ដោយបានបង្ហាញពីលទ្ធផលការងារឆ្នាំ២០២៤ និងពិភាក្សាលើបញ្ហាប្រឈមក្នុងឆ្នាំចាស់ សំណូមពរមួយចំនួនជូនក្រសួងយុត្តិធម៌ ព្រមទាំងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ដូចមានក្នុងរបាយការណ៍សន្និបាតឆ្នាំ២០២៥។

អង្គសន្និបាតបានបញ្ចប់នៅវេលាម៉ោង១២ និង៣០នាទីព្រឹក ប្រកបដោយលទ្ធផលល្អគាប់ប្រសើរ និងពេលល្ងាចបានរៀបចំអាហារសាមគ្គី ជូនដល់មន្រ្តីរាជការ និងបុគ្គលិកហាត់ការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ប្រកបដោយសេចក្តីរីករាយបំផុតផងដែរ៕SRP