ជនជាតិបរទេសរាប់សិបនាក់ នាំគ្នារត់ចេញពីកាស៊ីណូ

ខេត្តឧត្តរមានជ័យ៖សេចក្ដីរាយការណ៍បានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃចន្ទនេះថា ជនជាតិបរទេសចម្រុះជាតិសាសន៍មួយក្រុមមានគ្នាជាង៥០នាក់ ផ្ទុះការតវ៉ា នាំគ្នារត់ប្រសាចចេញពីកាស៊ីណូ បង្កឱ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយជនបរទេស ប្រដាប់ដោយអាវុធ មាន ដំបងទីប ដំបងឈើ និងកាំបិតជាដើម បាននាំគ្នាដើចេញមកខាងមុខផ្លូវឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិអូរស្មាច់។

សេចក្ដីរាយការណ៍បានបន្តថា កម្លាំងជំនាញពាក់ព័ន្ធក្នុងខេត្ត ជាច្រើននាក់ ចុះដល់ទីតាំដើម្បីអន្តរាគមន៍បង្ក្រាបនាំខ្លួនដឹកបញ្ជូនដើម្បីសាកសួរ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា៖ បុគ្គលិកកាស៊ីណូ ជាជនបរទេសទាំងនោះ ធ្វើកាស៊ីណូអនឡាញខុសច្បាប់ ដោយមានការបង្ខំឱ្យធ្វើការលើសម៉ោង និងមិនគោរពច្បាប់ការងារ តាមកិច្ចសន្យារបស់មេខ្លោង ដែលនាំពួកគេមកពីក្រុងព្រះសីហនុ ទើបបង្កជាជម្លោះរវាង បុគ្គលិក ជាជនបរទេសជាមួយអ្នកគ្រប់គ្រងកាស៊ីណូតែម្តងទៅ ហើយនាំគ្នាសម្រុកចេញពីកន្លែងស្នាក់នៅ តែត្រូវបានសន្តិសុខ កាស៊ីណូ រារាំង ក្រោយមកពួកគេបានយកអាវុធគំរាមក្រុមសន្តិសុខកាស៊ីណូវិញ ដោយអ្នកខ្លះដៃមានកាន់ដំបងទីប, ដំបងឈើ, និងអាវុធផ្សេងៗ សម្រុកពីកាស៊ីណូ ធ្វើដំណើរឆ្ពោះទៅច្រកព្រំដែន។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនជនបរទេសទាំងនោះ យកទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។ ជុំវិញករណីនេះគេនៅពុំទាន់ឃើញអាជ្ញាធរជំនាញខេត្តរមានជ័យចេញសេចក្ដីប្រកាសព័ត៌មានជុំវិញហេតុការណ៍ខាងលើនៅឡើយ៕SRP