គ្រឹះស្ថានអប់រំឯកជន បង្ហាញពីការលើកកម្ពស់គុណភាពអប់រំ ដើម្បីឱ្យជម្រុញឲ្យយុវជនមានសមត្ថភាពជួយអភិវឌ្ឍប្រទេសជាតិ

ខេត្តសៀមរាប៖គ្រឹះស្ថានអប់រំឯកជន បានលើកឡើងថា ការលើកកម្ពស់ការអប់រំឱ្យមានគុណភាព គឺជាមូលដ្ឋានគ្រឹះមួយ ដើម្បីជម្រុញឲ្យយុវជននាសម័យទំនើប ឬយុវជន Digital មានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ចូលរួមជួយអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត។

គ្រឹះស្ថានសិក្សាឯកជនលើកឡើងបែបនេះ នៅក្នុងពិធីប្រគល់ពាន បណ្ណសរសើរនិងរង្វាន់ដល់សិស្សជ័យលាភីនិទ្ទេសAជំនាន់ទី១៥ របស់សាលារៀនអារីហ្សូន ដែលធ្វើនៅសាកលវិទ្យាល័យអង្គរខេត្តសៀមរាប នារសៀលថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤នេះ។

ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី មានប្រសាសន៍ថា គោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានដាក់ចេញនូវគោលនយោបាយជាគន្លឹះ និងជាអាទិភាពចំនួន៤ ដើម្បីលើកម្ពស់គុណភាពអប់រំ ដែលចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ពោលគឺ៖ ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានក្រសួងអប់យុវជននិងកីឡា អនុលោមតាមគោលករកដឹកនាំតាមបែបយុទ្ធសាស្ត្រ នាសម័យទំនើបយុវជន Digital)។

ឧកញ៉ាបានបន្ដថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល តែងលើកកម្ពស់គុណភាពអប់រំជានិច្ច ព្រោះវិស័យអប់រំជាកត្តាមួយដ៏សំខាន់ ក្នុងការជម្រុញដល់យុវជនកម្ពុជា ឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយអភិវឌ្ឍជាតិ និងដឹកនាំប្រទេសជានាពេលអនាគត។ជាមួយគ្នានេះ វិស័យអប់រំឯកជនត្រូវបានលើកទឹកចិត្តឲ្យចូលរួមអភិវឌ្ឍធនធានមនុស្សចាប់ពីកម្រិតមតេយ្យសិក្សា ដល់កម្រិតឧត្តមសិក្សាផងដែរ។

ឧកញ្ញាបន្ថែមថា ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្ស ត្រូវឲ្យពួកគាត់ស្រឡាញ់ការសិក្សា យកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា សំដៅអភិវឌ្ឍជីវិតខ្លួនឯង គ្រួសារ និងប្រទេសជាតិ ឱ្យសំបូររុងរឿង។ ឧកញ៉ាវេជ្ជបណ្ឌិតក៏បានវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រង ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន និងអប់រំដល់សិស្សានុសិស្សប្រកបដោយគុណភាព  ពីមួយឆ្នាំសិក្សាមួយទៅឆ្នាំ។ ឧកញ៉ាវេជ្ជបណ្ឌិតក៏បានជម្រុញសល់សិស្សានុសិស្សត្រូវបន្តខិតខំរៀនសូត្រ បង្កើនសមត្ថភាពនិងបច្ចេកវិទ្យា ឈានឲ្យទាន់សភាពការសង្គមជាតិ និងសកលលោក ព្រមទាំងឱ្យក្លាយខ្លួនជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គមជាតិទៅអនាគត។

តាមរបាយការណ៍របស់លោក ម៉ី ភារិទ្ធ នាយកប្រតិបត្តិប្រចាំតំបន់ បានឲ្យដឹងថា ឆ្នាំសិក្សាថ្មី២០២៤-២០២៥ សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប មានសិស្សសរុបចំនួន១ពាន់៨៥៥នាក់ មានកម្មវិធីសិក្សា៣ភាសាខ្មែ ការសិក្សាសឹង្ហបុរី និងភាសាចិន។ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤នេះ មានសិស្សជ័យលាភីសញ្ញាបត្រមធ្យម សិក្សាបឋមភូមិ សិស្សឆ្នើមទទួលបានប្រាក់ខែប្រចាំខែធ្នូ ចំនួន០៩នាក់។

លោកថាសាលារៀន អារីហ្សូន សាខាខេត្តសៀមរាប បានយកចិត្តទុកដាក់ពង្រឹងនិងជម្រុញលើវិន័យ សណ្តាប់ធ្នាប់ ក្រមសីលធម៌ រស់នៅបានយ៉ាងល្អដោយផ្តោតទៅលើវិជ្ជាទំាង៣ គឺវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដែលធ្វើឲ្យសិស្សានុសិស្សទទួលបាននូវលទ្ធផលដ៍ប្រសើរជាមួយកម្មវិធីសិក្សា STEM ដែលជាកម្មវិធីសិក្សាតាមបែប Digital នាសម័យបច្ចេកវិទ្យា៤ចុច ដោយបានអនុវត្តត្រឹមត្រូវតាមគោលការណ៌ណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តផងដែរ។

លោកបានបន្តទៀតថា ដើម្បីអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន និងក្លាយទៅជាប្រទេសដ៏រុងរឿងមួយនាពេលខាងមុខ យុវជនត្រូវកសាងខ្លួនឲ្យក្លាយជាយុវជននសុជីវធម៌ល្អ ព្រមទាំងមានចំណេះដឹងខ្ពង់ខ្ពស់ ខណៈដែលប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅ ក្រោមម្លប់សន្តិភាព៕SRP