លួចដឹកចុងស្លាបមាន់មកពីថៃ ត្រូវបានបង្ក្រាប

ខេត្តបន្ទាយមានជ័យ៖សមត្ថកិច្ចចំរុះមានផលិតកម្មនិងបសុព្យាបាលខេត្ត បានហការជាមួយអគ្គនាយកដ្ឋានគយបង្រ្កាបអំពើរត់ពន្ធតំបន់៥ បានចុះចាប់នៅវេលាម៉ោង ១ ថ្ងៃត្រង់ថ្ងៃទី២៩ខែសីហាឆ្នាំ២០២៤ ស្ថិតក្នុងចំណុចក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកតោ មេសា អនុប្រធានការិយាល័យផលិតកម្មនិង ឮបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យនិងដកហូតនូវផលិតផលបក្សីចុងស្លាបមាន់បង្កកចំនួន២០០កេស ស្មើនឹង២.៤០០គីឡូក្រាម។

ករណីនេះ ម្ចាស់ទំនិញ មាន ឈ្មោះ ឈិន សុខាន់ បានផ្តល់ចម្លើយបំភ្លឺថា ចុង ស្លាបមាន់បង្កក២០០ កេសនេះ ខ្លួនបានទទួលពីអ្នកលួចនាំចូលពីប្រទេសថៃ ទេ។ ហើយខ្លួនក៏បង្កប់ដឹកតាមរថយន្តរត់ទូរម៉ាកយាំយ៉ុង យកមកលក់ឲ្យឈ្មួញទិញដុំដើម្បីចែកចាយបន្តគឺលក់ចែកចាយរាយនៅតាមផ្សារទីតាំងនានាក្នុង។

សមត្ថកិច្ចបានធ្វើការដកហូត វត្ថុតាងមានផលិតផលចុងស្លាបមាន់បង្កក២០០កេះនេះ បានធ្វើកំណត់ហេតុ បានមើលឯកសាររកឃើញថាស្លាបមាន់បង្កកនេះគឺនាំចូលដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

យោងការពិនិត្យបច្ចកទេសឃើញថា ការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សា ផលិតផលទាំងអស់ខាងលើ ក៏មិនអនុលោមតាមខ្លឹមសារច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលធ្វើឲ្យបាត់បង់នូវបរិមាណដើម ឬខូចគុណភាព។ ហេតុនេះជំនាញពាក់ព័ន្ធមិនអនុញ្ញាតអោយចែកចាយ លក់ដូរនៅលើទីផ្សារបានជាដាច់ខាត ព្រោះអាចឲ្យប្រជាពលរដ្ឋទិញយកទៅបរិភោគខូចសុខភាព។

សមត្ថកិច្ចបាននាំយកវត្ថុតាងផលិតផលបក្សីដូចខាងលើ យកទៅដុតកំទេចចោលនៅចំណុចដីឡូតិ៍១កន្លែងនាភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៕SRP