នៅទីបំផុត ប៉ូលិសឃាត់ខ្លួនលោក ជួន គន្ធា ក្រោយប្រកាស ចែកដីរដ្ឋជូនប្រជាពលរដ្ឋ

0

ភ្នំពេញ៖នៅទីបំផុតកម្លាំងនគរបាល បានឃាត់ខ្លួនលោក ជួន គន្ធា ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ការឃាត់ធ្វើឡើងនៅរសៀលថ្ងៃទី២៣ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានចោទប្រកាន់លោក ជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សូមជម្រាបថា នៅថ្ងៃទី២១ ខែមេសាឬ ឆ្នាំ២០២៤ រដ្ឋ​បាលស្រុកឱរ៉ាល់ បានចេញលិខិតបដិសេធទាំងស្រុង ចំពោះព័ត៌មានថា មានបុគ្គលឈ្មោះ «ជួន គន្ធា» ធ្វើការចែកដីជូនប្រជាពលរដ្ឋក្រីក្រ នៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

ការបដិសេធ បែបនេះ បន្ទាប់ពី បុគ្គលឈ្មោះ ជួន គន្ធា បានអះអាងថា នឹងកាត់ដីឡូត៍ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្ដកំពង់ស្ពឺ ដើម្បីសាងសង់លំនៅដ្ឋាន ឬអាស្រ័យផល ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់។

បើតាមការប្រកាសនៅលើបណ្តាញសង្គម, លោក ជួន គន្ធា បានប្រកាសចែកជូនដីជូនប្រជាពលរដ្ឋក្រីក្រ ក្នុងទំហំ ១០ គុណ ៣០ តែត្រូវចេញលុយម្នាក់ៗ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី៕SRP