លោក ហ៊ុន ម៉ានី៖ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមការងារទាំងអស់ នឹងបន្តអនុវត្តតួនាទីភារកិច្ចកាន់តែខ្ជាប់ខ្ជួន ស្របតាមការណែនាំ តម្រង់ទិសរបស់រាជរដ្ឋាភិបាល

0

ខេត្តកំពង់ស្ពឺ៖ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្តកំពង់ស្ពឺ លោកហ៊ុន ម៉ានី បានលើកឡើងថា

ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមការងារទាំងអស់ក្នុងនាមជា

សេនាធិការរបស់រាជរដ្ឋាភិបាល នឹងបន្តអនុវត្តតួនាទីភារកិច្ចកាន់តែខ្ជាប់ខ្ជួន ស្របតាមការណែនាំ តម្រង់ទិសរបស់រាជរដ្ឋាភិបាល និងប្រកបដោយភាពច្នៃប្រឌិតតាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៤ របស់ ក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារនេះ លោកហ៊ុន ម៉ានី បានលើកឡើងថា

ប្រមាណ៤ខែ ចុងក្រោយនេះ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានបំពេញតួនាទីយ៉ាងសស្រាក់សស្រាំ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងខ្លឹមសារ ដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់នៅមូលដ្ឋានលើការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាកម្មវិធីកែទម្រង់នានា របស់រាជរដ្ឋាភិបាល សំដៅដល់ការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ នៅមូលដ្ឋាន ឱ្យបានកាន់តែល្អប្រសើរផង ក៏ដូចជាសិក្សាពីស្ថានភាព ឬបញ្ហាប្រឈមនានាក្នុងមូលដ្ឋានរាយការណ៍ ជូនរាជរដ្ឋាភិបាលក្នុងគោលដៅស្វែងរកដំណោះស្រាយ និងដើម្បីបំពេញបន្ថែមតម្រូវការនានា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពផង។

លោកហ៊ុន ម៉ានី បានបន្តថា ៖ក្នុងន័យនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលបានសហការការងារ និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងរយៈពេលដ៏ខ្លី ស្របតាមការណែនាំ និងការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកហ៊ុន ម៉ានី បានបញ្ជាក់៖ ទោះបីជាយ៉ាងនេះក្តី ខ្ញុំសូមលើកទឹកចិត្ត និងណែនាំបន្ថែមដល់ក្រុមការងារទាំងអស់ សូមបន្តការងារស្នូល ដែលក្រុមការងារ បាន និងកំពុងធ្វើ និងធ្វើរបាយការណ៍ ជាប្រចាំដាក់ជូនថ្នាក់ដឹកនាំជាបន្តបន្ទាប់។ ស្ថិតក្នុងដំណាក់ដែលអាកាសធាតុមានការប្រែប្រួល សូមក្រុមការបន្តតាមដានស្ថានភាពនៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ និងការជួយសម្របសម្រួលការងារនានាជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការបន្តរៀបចំវេទិកាសាធារណៈនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរ ក៏ដូចជាបង្កើនឱកាសនានា ដល់យុវជនតាមបណ្តាមូលដ្ឋានបានដឹង និងបានចូលរួម ដូចជាការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ ឬការចូលរួមប្រឡងប្រជែងដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិលប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្នជាដើម៕SRP