ឈ្មួញកាយដី កន្លែងអភិរក្សពូជត្រី បឹងពារាំង ដឹកលក់យ៉ាងគគ្រឹកគគ្រេង ព័ត៌មានចេញផ្សាយបែរជាសហគមន៍ថាព័ត៌មានមិនពិតទៅវិញ

ឈ្មួញកាយដី កន្លែងអភិរក្សពូជត្រី បឹងពារាំង ដឹកលក់យ៉ាងគគ្រឹកគគ្រេង ព័ត៌មានចេញផ្សាយបែរជាសហគមន៍ថាព័ត៌មានមិនពិតទៅវិញ

ខេត្តសៀមរាប៖មានការលើកឡើងថា ជាច្រើនខែមកហើយក្រុមឈ្មួញបានឃុបឃិតគ្នាធ្វើសកម្មភាព កាយដីបឹងធម្មជាតិ កន្លែងអភិរក្សពូជត្រី បឹងពារាំង ដឹកលក់រាប់រយឡានក្នុង១ថ្ងៃៗ យ៉ាងគគ្រឹកគគ្រេង មិនទាន់ឃើញមានអាជ្ញាធរជំនាញពាក់ព័ន្ធចុះទៅទប់ស្កាត់នៅឡើយ។ ករណីនេះត្រូវបានសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ចេញផ្សាយ ប៉ុន្តែបែរជាសហគមន៍បឹងពារាំង ថាជាព័ត៌មានមិនពិតទៅវិញ។

ប្រការដែលឈ្មួញកាយយកអាចម៍ដី បឹងធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថាក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការចែកផលប្រយោជន៍គ្នាទៅវិញទៅមក។

ករណីនេះ អាជ្ញាធរជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដីបឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេងបែបនេះទេ។ ការកាយយកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យ បែបនេះ គេនៅមិនទាន់ដឹងថា មានលិខិតអនុញ្ញាតឬយ៉ាងណានោះឡើយ។

ដូច្នេះហើយទើបប្រជាពលរដ្ឋ តាមរយ: អង្គភាពសារព័ត៌មាន សៀមរាប ប៉ុស្ដិ៍ ស្នើសុំឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធមេត្តាបើកស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ដីបឹងធម្មជាតិ បឹងពារាំងនិងរងការបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ សំណាក់ក្រុមឈ្មួញ ក្នុងនោះដីល្បាប់ផ្នែកខាងលើ ដែលមានជីវៈចម្រុះ អាចនាំឲ្យមានត្រីពងកូន ត្រូវបានឈ្មួញដឹកជញ្ជូនចេញមកក្រៅលក់ ដោយគ្មានការទប់ស្កាត់នោះទេ។

ជុំវិញករណីនេះ លោកអ៊ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់តាមតេឡេក្រាមថា សូមយកព័ត៌មានអោយច្បាស់សិនចាំសរសេរបង ព្រោះពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្ស ដែលមានការឯកភាពពីក្រសួងរួចហើយ៕