ក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសៀលថ្ងៃអង្គារនេះ លោកយឹម ឆៃលី បានប្រាប់ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់ថ្នាក់ ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មថែមទៀតនូវយុទ្ធនា ការបង្កើនការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់ទម្រង់, ប្រតិបត្តិការបង្ក្រាប ល្បែងស៊ីសង ខុសច្បាប់ គ្រប់ប្រភេទ ទាំងល្បែងភ្នាល់ខុសច្បាប់ តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងនៅតាមមូលដ្ឋាន កុំឲ្យកំរើកឡើងវិញ ព្រមទាំងការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស សំដៅរក្សា សន្តិសុខជាតិសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព ក្នុងសង្គមឲ្យបានល្អប្រសើរ។
លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច បានបន្តអនុវត្តបទបញ្ជា និងគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ ក្នុងការធានា និងរក្សាបាននូវសន្តិសុខសុវត្ថិភាពសង្គម ប្រកបដោយ ប្រសិទ្ធភាព និងខិតខំប្រឹងប្រែងក្នុងការអនុវត្ត នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅរួមគ្នា រក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អនៅក្នុង មូលដ្ឋាន ព្រមទាំងអប់រំផ្សព្វផ្សាយ អំពីវិធានការនានា រួមមានច្បាប់ ចរាចរណ៍ ផលវិបាក នៃការធ្វើចំណាកស្រុក ដោយខុសច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀនផងដែរ។
លោក យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធានកការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក៏បានប្រាប់អាជ្ញាធរខេត្តកំពង់ចាម ឱ្យបន្ត ខិតខំកៀរគរ និងលើកទឹកចិត្ត ដល់ការវិនិយោគ សម្រាប់ការអភិវឌ្ឍវិស័យ កសិឧស្សាហកម្ម វិស័យទេសចរណ៍ និងសហគ្រាសធុនតូច មធ្យម សម្រាប់បង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ រួមចំណែកបង្កើន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព និងបរិយាប័ន្នផងដែរ។
លោកយឹម ឆៃលី បានថ្លែងថា ខេត្តកំពង់ចាម ជាខេត្តដ៏មានសក្តានុពល សម្រាប់អភិវឌ្ឍវិស័យ កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហេតុនេះ រដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្ក លក្ខណៈងាយស្រួលដល់ការវិនិយោគ ក្នុងមូលដ្ឋាន របស់ខ្លួន ជាពិសេសផ្តល់ភាព អនុគ្រោះ សម្រាប់ការវិនិយោគ តាមរយៈការអនុវត្តច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចកកម្ពុជា ដែលផ្តល់សិទ្ធិអំណាច ដល់រដ្ឋបាលខេត្តមានសិទ្ធិសម្រេចអនុញ្ញាត ការវិនិយោគ មិនលើសពី៥លានដុល្លារសហរដ្ឋអាមេរិក៕SRP

