អាជ្ញាធរខេត្តកំពង់ចាម​ នឹងធ្វើផ្លូវ​បេតុង​ ៤ខ្សែ​បន្ថែម​ទៀត នៅសង្កត់​បឹងកុក​ ដោយបំពាក់​អំពូល​ភ្លើង​បំភ្លឺ

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ម្សិលមិញ បានអញ្ជើញចុះពិនិត្យ​ និង​សិក្សា​គម្រោងសាងសង់ ផ្លូវបេតុង​ចំនួន​ ៤ខ្សែ​ បន្ថែម​ទៀត​ ដែល​មានប្រវែង​សរុប​ ១៣៨១ម៉ែត្រ​ ទទឹង ៥ម៉ែត្រ និង​បំពាក់​ដោយ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ ស្ថិតនៅក្នុងភូមិ​ឡឥដ្ឋ​ សង្កត់​បឹងកុក​ ក្រុង​កំពង់ចាម​។​

ក្នុង​ឱកាស​ចុះ​សិក្សា​គម្រោង​​​ស្ថាបនា​ផ្លូវ​នេះ​ លោក​ អ៊ុន​ ចាន់ដា​​ បាន​ជួប​សំណេះសំណាល ​សាកសួរ​សុខទុក្ខ​ បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​បណ្តោយដង​ផ្លូវ​ ខាងលេី​ ដោយពួកគាត់ ពិតជា​មាន​ការ​ត្រេកអរ​សាទរ​ និង​​សប្បាយ​រីករាយ​។

បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា កន្លងទៅថ្មីៗនេះ សមិទ្ធផលផ្លូវបេតុង ស្ថិតនៅក្នុងមូលដ្ឋាន នេះ​ មានបណ្ដោយប្រវែង ជាង ២.០០០ម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ ទេីប​តែ​សាងសង់​រួច​ហើយ​។ ដោយការកសាង ហេដ្ឋារចនាសម្ព័ន្ធ ទាំងនេះ គឺជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម ដែល លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានខិតខំប្រឹងប្រែង ដើម្បី ជួយសម្រួលការលំបាក របស់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ កាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំ របស់សម្ដេចជោ ហ៊ុន សែន។

គួរ​បញ្ជាក់​ថា ក្រៅពីសមិទ្ធផល​ផ្លូវ​បេតុង​ ៤ខ្សែ​ ដែលមានប្រវែង​សរុប​ ១៣៨១ម៉ែត្រ​ លោក​ អ៊ុន​ ចាន់ដា​ ក៏បានផ្ដល់អំពូលភ្លើងសូឡា ឱ្យ​មេភូមិឡឥដ្ឋ ៥២ អំពូល , មេភូមិចុងថ្នល់ ៣០ អំពូល , និង មេភូមិ បឹងកុក១ ចំនួន ១៨ អំពូល ដើម្បីបំពាក់បំភ្លឺពេលយប់ ទៅ​តាម​សំណូមពរ​របស់​មេភូមិទាំង​ ៣​។ អភិបាលខេត្ត​ ក៏បាន​ដឹកនាំ​ក្រុម​ការងារ​ ចុះ​ពិនិត្យ​ការ​សាងសង់​កុដិ​នៅ​វត្តជោតនារាមបឹងកុក​ ដើម្បី​ឱ្យ​សាមណសិស្ស​ និស្សិត​ ស្នាក់អាស្រ័យ​ នៅបួសរៀន​ ផងដែរ​៕SRP