ប្រសាសន៍សំខាន់ៗ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសសំណេះសំណាល ជាមួយសកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ក្នុងឱកាសសំណេះសំណាល ជាមួយសកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃសៅរ៍ម្សិលមិញ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានថ្លែងមានប្រសាសន៍សំខាន់ៗដូចខាងក្រោម៖

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជួបជុំក្នុងទ្រង់ទ្រាយធំ ប្រកបដោយភាពរីករាយ និងត្រជាក់ត្រជុំក្នុងថ្ងៃនេះ ជាមួយនឹងវត្តមានរបស់សកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ រហូតប្រមាណ ៨,០០០ នាក់ គឺពិតជាមានសភាពខុស ពីរយៈពេលជាង ២ ឆ្នាំមុន ដែលពេលនោះរាជធានីភ្នំពេញ កំពុងត្រូវបានញាំញីដោយជំងឺកូវីដ-១៩។ ទីតាំងកោះពេជ្រ នេះផ្ទាល់ ត្រូវបានរៀបចំជាមណ្ឌលព្យាបាល ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ហើយជីវភាពរបស់ប្រជាពលរដ្ឋទូទៅ រួមទាំងបងប្អូននៅផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ទទួលរងនូវផលប៉ះពាល់ ពីការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះផងដែរ។ យ៉ាងណាក៏ដោយ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងដោយមានការចូលរួមពី កម្លាំងសាមគ្គីជាតិ ទាំងមូល សភាពការណ៍អាសន្ន ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលធ្វើឱ្យអត្រាស្លាប់មានកម្រិតទាប ហើយអាយុជីវិតរបស់អ្នកជំងឺរាប់សែននាក់ត្រូវបានសង្គ្រោះ ខណៈដែលជីវភាពរបស់ប្រជាពលរដ្ឋរាប់លានអ្នកត្រូវបានធានាការពារ និងស្តារឱ្យមានលំនឹងឡើងវិញរួចផុតពីវិបត្តិ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា៖ សូមអរគុណចំពោះការជ្រើសរើស ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ប្រកបដោយក្តីស្រឡាញ់ និងជំនឿជឿជាក់មកលើបុព្វហេតុ ដ៏ត្រឹមត្រូវរបស់គណបក្ស។ ពិតណាស់ ពាក្យក្នុង ឬក្រៅប្រព័ន្ធ គឺគ្រាន់តែជាការកំណត់និយមន័យជាលក្ខណៈបច្ចេកទេសសេដ្ឋកិច្ចតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់គណបក្សប្រជាជនកម្ពុជាវិញ គឺវិនិយោគិន, ពាណិជ្ជករ, អាជីវករ, សិប្បករ, កម្មករ-និយោជិត និងសហគ្រិនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺសុទ្ធសឹងជាប្រជាពលរដ្ឋខ្មែរដូចគ្នាទាំងអស់ និងជាសមាជិក-សកម្មជនគណបក្ស ដែលមានសិទ្ធិ និងការទទួលខុសត្រូវតែមួយ ហើយក៏ទទួលបាននូវការយកចិត្តទុកដាក់គិតគូរជួយទំនុកបម្រុងគាំពារដូចគ្នាផងដែរ ស្របទៅតាមគោលនយោបាយចំពោះវិស័យនីមួយៗ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជាតែងបានផ្តល់នូវការគាំពារ និងការគាំទ្រដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖
ទី១. ជីវភាពប្រកបដោយក្តីសុខសាន្តនៅក្នុងសុខសន្តិភាព, ទី២. សន្តិសុខ, សុវត្ថិភាព, ស្ថិរភាពសង្គម, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសិទ្ធិសេរីភាពលើការប្រកបអាជីវកម្មគ្រប់ប្រភេទ ដែលច្បាប់អនុញ្ញាត រួមទាំងកាអនុគ្រោះលើការចំណាយ ដើម្បីបំពេញអនុលោមភាព, ទី៣. ឱកាសក្នុងការសិក្សារៀនសូត្រ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី៤. ការផ្តល់នូវប័ណ្ណមូលនិធិសមធម៌ សុខាភិបាល ដើម្បីជួយកាត់បន្ថយចំណាយលើការព្យាបាលជំងឺ, ទី៥. ការគាំពារផ្នែកច្បាប់ និងការពង្រឹងអភិបាលកិច្ចល្អដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈ និងទី៦. ការលើកទឹកចិត្តឱ្យចូលរួមទៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចក្នុងប្រព័ន្ធតាមរយៈការរៀបចំយន្តការចុះបញ្ជី និងការអនុគ្រោះផ្សេងៗ ដើម្បីផ្តល់ភាពស្របច្បាប់ និងអត្ថប្រយោជន៍នានា។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន ដោយឈរលើស្មារតី និងបុព្វហេតុឥតងាករេគ្រប់ជំនាន់ គឺការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ក្លាយជាប្រទេស អ្នកមាន និងប្រជាជនមានជីវភាពធូរធាសម្បូរសប្បាយក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ដូច្នេះ សូមសកម្មយុវជនទាំងអស់បន្តជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ជាពិសេសបន្តធ្វើអំពើល្អបម្រើប្រជាពលរដ្ឋស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មជនយុវជនគណបក្សនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយសហគ្រិនភាព, គំនិតច្នៃប្រឌិត និងជំនាញវិជ្ជាជីវៈខ្ពស់ តាមរយៈការចូលរួមចំណែក ដោយផ្ទាល់ និងដោយប្រយោលជាមួយ រាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចការសង្គម, វប្បធម៌, សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាសកម្មភាពផ្សព្វផ្សាយ អំពីស្នាដៃ និងសមិទ្ធផលនានា របស់គណបក្ស ដើម្បីធានាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ យើងអាចសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើស គណបក្សដែលខ្លួនស្រឡាញ់ និងជឿទុកចិត្ត សម្រាប់បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា ជានិច្ចតទៅសម្រាប់ អ្នកជំនាន់ក្រោយគ្រប់សម័យកាល៕SRP