ខេត្តកំពង់ចាម៖លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ,លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមជាមួយ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមទាំង មន្ត្រី ថ្នាក់ដឹកនាំ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្ថានីយ៍បូមទឹក ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍។
តាមការគូសបញ្ជាក់ពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងអូតូនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយ៍បូមទឹក ប្រពន្ធ័ធារាសាស្ត្រព្រែកពោធិ៍នេះ គឺមានការសាងសង់ ប្រឡាយបេតុង ២៧គីឡូម៉ែត្រ និងប្រឡាយដីសជាង ៦០គីឡូម៉ែត្រ មានបំពាក់ម៉ូទរ័បូមទឹកមុខកាត់១,២ម៉ែត្រ ចំនួន ៧គ្រឿង ដែលមានល្បឿន ក្នុង ១វិនាទី បូមទឹកបាន ២ម៉ែត្រគូប ក្នុងម៉ូទរ័មួយ ដែលមានសំណង់សិល្បៈការ៍ ១៨៥កន្លែង។
លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ឲ្យដឹងដែរថា គម្រោងខាងលើនេះប្រើប្រាស់ថវិការាជរដ្ឋាភិបាលកម្ពុជាជាង ៣០លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទាន ADB ហើយមានលទ្ធភាពស្រោចស្រប់លើផ្ទៃដីស្រែជាង ៨.០០០ហិកតា មាន ៣៥ភូមិ ក្នុងឃុំ ៧ របស់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងឃុំ២ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ គិតមកដល់ពេលនេះ គម្រោងស្ថានីយ៍ និងប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ខាងលើ បានកំពុងដំណើរការសាងសង់ និងសម្រេចលទ្ធផលបានប្រមាណជា ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ ការងារសាងសង់រួចរាល់ នៅក្នុងខែមិថុនា ខាងមុខនេះ។
គួរំលឹកផងដែរថា គម្រោងប្រព័ន្ធធារាស្រ្តនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ គឺជាប្រព័ន្ធបេតុងទាំងអស់ និងបំពាក់ដោយស្ថានីយបូមទឹកទំនើបក្នុងនិយាមអន្តរជាតិ ធ្វើការបូមទឹកពីអាងទន្លេមេគង្គរង ដែលជាសមិទ្ធិផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចហ៊ុន សែន៕SRP

