បុរសម្នាក់បានចូលសារភាពកំហុស នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធដែលមានកូន៤ខែក្នុងផ្ទៃ ព្រោះតែរឿងប្រចណ្ឌ។
មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ៃ គន្ធា អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនដៃដល់ជាប្ដីឈ្មោះ យ័ន គុយហេង អាយុ៣០ឆ្នាំ មុខរបរអ្នកគួកជេររថយន្ដ។
មន្ត្រីនគរបាលបន្តថានៅចំពោះមុខកម្លាំងសមត្ថកិច្ចជំនាញ ជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនបាញ់សម្លាប់ប្រពន្ធ គឺដោយសារតែរឿងប្រចណ្ឌ។
ករណីឃាតកម្មនេះសមត្ថកិច្ចរកឃើញសំបកគ្រាប់កាំភ្លើងចំនួន៣សំបក, គ្រាប់កាំភ្លើងចំនួន៣៣គ្រាប់, បង់កាំភ្លើងចំនួន២, ក្បាលគ្រាប់កំពិត១ និងបំណែកសំណរក្បាលគ្រាប់ (ពណ៌ទង់ដែង និងពណ៌ទឹកប្រាក់) ព្រមទាំងសម្ភារមួយចំនួនទៀត។ ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។
សូមបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ចំណុចផ្ទះល្វែងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕SRP

