update៖ ស្ត្រីចងកនៅក្រុងសៀមរាប ដោយសារតូចចិត្ត ប្ដីរត់ម៉ូតូឌុបដឹកម៉ូយស្រីៗ

0

ខេត្តសៀមរាប៖ករណីស្ត្រីម្នាក់ចងកសម្លាប់ខ្លួនដែលបង្កឲ្យមានការភ្ញាក់ផ្អើល គឺផ្ដើមចេញដោយសារតូចចិត្តប្ដីដែលជាអ្នករត់ម៉ូតូឌុបដឹកម៉ូយស្រីៗ។

របាយការណ៍សមត្ថកិច្ច អង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបាននៅព្រឹកនេះ បានបង្ហាញថាជនរងគ្រោះឈ្មោះ ព្រុំ គន្ធា   ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅបច្ចុប្បន្ន: បន្ទប់ជួលក្រុមទី២ ភូមិតាវៀន  សង្កាត់សាលាកំរើក  ក្រុងសៀមរាប។

របាយការណ៍បន្តថាយោងតាមការបំភ្លឺពីប្ដីឈ្មោះ ឈុន ឆៃណារ៉ុង  ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបររត់ម៉ូតូឌុប បានរៀបរាប់អោយដឹងថា៖ នៅកំឡុងឆ្នាំ ២០២២ រូបខ្លួនបានរស់នៅជាមួយប្រពន្ធ (សព) ដោយធ្វើការសែនព្រែន ហើយប្រពន្ធរបស់ខ្លួនក៏បានមានផ្ទៃពោះ ប៉ុន្តែត្រូវបានរលូតវិញផងដែរ។ លុះមកដល់ខែកុម្ភៈ ឆ្នាំ២០២៣ រូបខ្លូននឹងប្រពន្ធក៏បានមានការឈ្លោះប្រកែកគ្នាជារឿយ រឿងប្រពន្ធរបស់ខ្លួនប្រចណ្ឌខ្លួននឹងម៉ូយជាមនុស្សស្រីដែលខ្លួនតែងដឹក ប៉ុន្តែរឿងនេះត្រូវបានដោះស្រាយគ្នាចប់សព្វគ្រប់ហើយ។ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈពេលដែលម៉ូយ ជាមនុស្សស្រី ដែលតែងតែជិះម៉ូតូឌុបរបស់ខ្លួន បានតេមកតាមរយ:ទូរស័ព្ទ ពេលនោះ ប្រពន្ធរបស់ខ្លួន ក៏បានឃើញ នឹងអោយខ្លួនចុចលើក ហើយអោយគេអ្នកនិយាយ មួយសន្ទុះក៏បានបានឈ្លោះប្រកែកគ្នា ជាមួយរូបខ្លួនតែម្ដង។ បន្ទាប់ពីឈ្លោះប្រកែកគ្នា បានមួយសន្ទុះ ប្រពន្ធរបស់ខ្លួន ក៏បានលោតចុះពីឡៅតឿកម្ពស់ប្រហែល២ម៉ែត្រនៅក្នុងបន្ទប់គេងនោះមកក្រោម ប៉ុន្តែពុំមានរបួសអ្វីនោះឡើយ ភ្លាមនោះរូបខ្លួន ក៏បាននាំប្រពន្ធទៅពិនិត្យស្កេនជើងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប៉ុន្តែពុំទាន់បានស្កេនផង ប្រពន្ធរបស់ខ្លួនក៏បានសុំមកបន្ទប់ជួលវិញ។ ក្រោយមករូបខ្លួននឹងប្រពន្ធក៏ស្រាប់តែមានការឈ្លោះប្រកែកគ្នា រកាំរកុះគ្នាជាច្រើនលើកច្រើនសារថែមទៀតផង។

របាយការណ៍បញ្ជាក់ថានៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក រូបខ្លួនបានបានធ្វើដំណើរទៅវត្តត្រាំនាគ ដើម្បីស្វែងរកគ្រូមើលប្រពន្ធ ហើយដល់វេលាម៉ោង៩ មិត្តភ័ក្តរបស់ខ្លួនឈ្មោះ ម៉ាប់ និងស្រស់ បានតេមកប្រាប់រូបខ្លួនថា ប្រពន្ធរបស់ខ្លួនបានលេបថ្នាំសម្លាប់ខ្លួន ពេលនោះរូបខ្លួនក៏បានជិះម៉ូតូត្រឡប់មកបន្ទប់ជួលវិញ ក៏ស្រាប់តែបានឃើញប្រពន្ធរបស់ខ្លួនមានសភាពបែកពពុះមាត់ រួចរូបខ្លួននឹងមិត្តភ័ក្តបានដឹកប្រពន្ធយកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេល បន្ទាប់មកក៏បានដឹកប្រពន្ធរបស់ខ្លួនយកបន្ទប់ជួលវិញ។ លុះដល់វេលាម៉ោង ១៣,០០នាទី ពេលនោះរូបខ្លួន បានកំពុងតែនៅតាមផ្លូវចេញពីវត្ត ក៏ប្រពន្ធ របស់ខ្លួនតេទៅខ្លួន នឹងបានជេររូបខ្លួនថែមទៀត ប៉ុន្តែរូបខ្លួនពុំបានតបតនោះទេ រួចក៏បានចុចបិតទូរស័ព្ទ ហើយចាប់ពីពេលនោះមកក៏ពុំបានទាក់ទងគ្នាទៀតឡើយ។ រហូតដល់វេលាម៉ោង ១៨ ស្រាប់តែ មានអ្នកជិតខាងបានតេទូរស័ព្ទប្រាប់ថាប្រពន្ធរបស់ខ្លួន បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបរូបខ្លួនបានជិះម៉ូតូសំដៅទៅបន្ទប់ជួលវិញ បានឃើញប្រពន្ធរបស់ខ្លួន បានចងកស្លាប់បាត់ទៅហើយ រួចក៏មានអ្នកក្បែរនោះរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានតែម្ដងទៅ។

យោងតាមការបំភ្លឺពីប្ដីនិងការពិនិត្យសពនិង ផ្អែកតាមលោកគ្រូពេទ្យកោសល្យវិច្ច័យ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចងក (វិបត្តិផ្លូវចិត្ត)។

សូមបញ្ជាក់ថា ករណីនេះកើតឡើងនៅចំណុចបន្ទប់ជួល ក្រុមទី២ ភូមិតាវៀន  សង្កាត់សាលាកំរើក ក្រុងសៀមរាប  នៅថ្ងៃទី០១  ខែមីនា ឆ្នាំ២០២៣ ដោយយកខ្សែចងគោពណ៌ស ធ្វើសកម្មភាពចងកនឹងធ្នឹមបន្ទប់ដេកមានកំពស់២,៣៧ម៉ែត្រ៕SRP