ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជាមានការរីកចម្រើនដល់ណានោះទេ។ សម្តេចតេជោបានមានប្រសាសន៍ថា គ្មានបរទេសណា ទៅវិនិយោគនៅប្រទេស ដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ។ សុខសន្តិភាព គឺជាកត្តាសំខាន់បំផុតសម្រាប់ការរស់នៅរបស់ប្រជាជន។
សម្តេចតេជោបានមានប្រសាសន៍ទៅកាន់បរទេស និងផ្នែកពាក់ព័ន្ធនានា សូមកុំមើលកម្ពុជាតែមួយជ្រុងណាមួយ។ កម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំង ធ្វើឱ្យល្អប្រសើរឡើង នៃទំនាក់ទំនង កម្រិតការទូត និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីវឌ្ឍនភាពកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព។
សម្ដេចតេជោបាមបញ្ជាក់ថា នាពេលខាងមុខ កម្ពុជានឹងទាក់ទាញ អ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ សម្ដេចតេជោ តែងតែប្រាប់ទៅបរទេសឱ្យអ្នកវិនិយោគយកចិត្តទុកដាក់លើការវិយោគលើ ឧស្សាហកម្មកែឆ្នៃ ដែលធនធានកម្ពុជាមានស្រាប់ និងផ្នែកនេះទៅមុខកម្ពុជា នឹងក្លាយទៅជាអ្នកខ្លាំងមួយក្នុងចំណោមអ្នកខ្លាំងលើការចែកចាយ។ សម្តេចតេជោអត់មានប្រសាសន៍រំលឹកថា ពីមុនកសិកម្មស្រូវនៅកម្ពុជា គ្រាន់តែធ្វើឡើងដើម្បីហូបដើម្បីឲ្យគ្រប់គ្រាន់តែប៉ុណ្ណោះ តែមកទល់ពេលកម្ពុជាសល់ស្រូវ-អង្ករយ៉ាងច្រើន ដែលទាមឱ្យមានការវិនិយោគ និងផ្តល់ទុនដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃ និងសម្ងួត ក្នុងការត្រៀមនាំចេញនៅពេលខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមឱ្យបំបាត់ការភ័ន្តច្រឡំ នយោបាយ ឈ្នះ ឈ្នះ បានចប់នៅឆ្នាំ ១៩៩៨ គឺជាការបញ្ចប់នូវការអនុវត្ត ហើយនយោបាយ ឈ្នះឈ្នះនេះ បានចាប់ផ្ដើមអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ១៩៩៦ ឯនោះ ដែលក្នុងពេលអនុវត្តសម្ដេចតេជោ បានចុះដោយផ្ទាល់តាមមូលដ្ឋានក្នុងការធ្វើសមាហរណកម្ម។
សម្តេចតេជោបញ្ជាក់បន្ថែមថា ពីអតីតកាលមក កម្ពុជាមានការបែកបាក់ច្រើនណាស់ ធ្វើឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងជ្រោះ នៃគ្រោះមហន្តរាយ និងបង្កការលំបាកដល់ប្រជាពលរដ្ឋគ្រប់បែបយ៉ាង។ សម្តេចតេជោ បានមានប្រសាសន៍ថា ខ្មែរក្រហមទោះខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចគ្រប់គ្រងកម្លាំងរបស់ខ្លួនបានទាំងអស់ដែរ។ អ៊ុនតាក់ចូលមកកម្ពុជា និងចាយលុយអស់យ៉ាងច្រើនសន្ធឹកសន្ធាប់ បានដកចេញពីកម្ពុជាវិញ ដោយបន្សល់ទុកឱ្យកម្ពុជាមានតំបន់ត្រួតត្រាច្រើននិងមានការផ្ទុះអាវុធគ្រប់ទីកន្លែង។ សម្តេចតេជោប្រកាសថា មិនយូរទេកម្ពុជានឹងចាកចេញពីប្រទេសដែលមានកម្រិតការអភិវឌ្ឍតិចតួច៕SRP

