ល្បែងឆ្នោតឡូតូ មានច្បាប់ រីកដូចផ្សិតតាម ភូមិឋាន

0

ភ្នំពេញ៖ល្បែងឆ្នោតឡូតូកំពុងរីកដូចផ្សិតនៅតាមភូមិឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដែលករណីនេះអាចនាំឲ្យមានអំពើចោរកម្មអសន្តិសុខ កើតមាននៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឱ្យយកចិត្តទុកបន្ថែមទៀត ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ រាប់ទាំងល្បែងអនឡាញផង ដែរ ប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើជួយដូរមនុស្សគ្រប់ទម្រង់។ សម្ដេចសង្កត់ធ្ងន់ថា បទល្មើសនេះនឹងមិនសាបរលាបនោះឡើយ ពោលគឺឱ្យតែមានការធ្វេសប្រហែស និងខ្វះការយកចិត្តទុកដាក់វានឹងកម្រើកឡើងវិញ។

សម្ដេចស ខេង បញ្ជាក់ថា ក្នុងទឹកដីក្នុងមូលដ្ឋានអស់លោក អស់លោកបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ឡូតូ ជល់មាន់ មិនបានផង? តើអស់លោកទៅធ្វើស្អីកើតទៀត? និយាយគ្នារាប់សិបលើកមកហើយ តែសំខាន់អស់លោកមិនព្រមធ្វើ។ កុំចាំសម្ដេចនាយកលោកថា ទើបនាំគ្នាញ័រធ្វើ ដូចមោះមុតណាស់ តែស្ងាត់តែបន្តិច មកវិញដដែល។

សូមរំលឹកថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាគណកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្ដល់អាជ្ញាបណ្ណឲ្យមានល្បែងឆ្នោតឡូតូស្របច្បាប់។ ក្នុងអាជ្ញាបណ្ណដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន​ បានបញ្ជាក់ជូន ភាពស្របច្បាប់របស់អាជីវកម្មឆ្នោត_ឡូតូ របស់ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.ក LEAPMORHASAMBATH LOTTO CO.LTD ដែលមានអ្នកឈរឈ្មោះ  កែវ ចំរើន៕SRP