ខេត្តសៀមរាប៖ក្មេងទំនើងចំនួនបីនាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការឃាត់ខ្លួន ក្រោយមានការដេញកាប់គ្នាដូចរឿងហុងកុង បន្ទាប់ពីទំនាស់ពាក្យសម្ដីក្នុង ក្លឹប Temple។
ការឃាត់ខ្លួនបានជន ធ្វើឡើងនៅវេលាម៉ោង ៤ ទាបភ្លឺ ឈានចូលថ្ងៃទី ១៥ ខែកុម្ភ: ត្រង់ចំណុចជ្រុងខាងត្បូង ផ្សារចាស់ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តា រ៉េត ស្នងការ រង នគរបាលខេត្ត ទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ឱ្យដឹងនេះថា ជនសង្ស័យទាំង៣នាក់៖ ទី១. ឈ្មោះ ប៉ៃ សូរិយា ភេទប្រុសអាយុ ១៥ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី២.ឈ្មោះ មុំ វណ្ណះ ភេទប្រុស អាយុ១៣ ឆ្នាំ (ឆ្នាំកំណើត ០១.០៩.២០០៩) មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាមក្រុងសៀមរាប (អាណាព្យាបាលធានាត្រឡប់ទៅផ្ទះវិញ)។ ទី៣. ឈ្មោះ សឺ ពិទិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ពាក់ព័ន្ធករណី៖ ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស ( ប្រើកាំបិតកែឆ្នៃ ដេញកាប់ជនរងគ្រោះ ) កាលពីវេលា ម៉ោង ០៤ និង ១៥នាទី ទាបភ្លឺ ឈានចូលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំណុចជ្រុងខាងត្បូងបរិវេណផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តា រ៉េត បន្តថាជនរងគ្រោះ ឈ្មោះ ចំប៉ា នីហ្សា ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
តាមចម្លើយរបស់ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពដូចៗគ្នាថា៖ ពួកខ្លួនទាំង៣នាក់ និងបក្សពួក ៦នាក់ទៀត ( រត់គេចខ្លួន ) ពិតជាបាន ធ្វើសកម្មភាព ដេញកាប់ទៅលើក្រុមជនរងគ្រោះពិតប្រាកដមែន ប្រដាប់ដោយ កាំបិតកែឆ្នៃ ០១ដើម និង ខ្វែវ ០១ ជិះម៉ូតូ ០៣គ្រឿង ទៅផឹកស៊ី ក្នុងក្លឹប Temple ពេលកំពុងផឹកស៊ី ក៏មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះ នៅពេលជនរងគ្រោះ នាំគ្នាជិះម៉ូតូ ចេញ ពួកខ្លួនបាននាំគ្នា ចេញមក តាមក្រោយ ដោយខលហៅមិត្តភ័ក្រ ចំនួន ៦នាក់ឱ្យយកកាំបិត និងខ្វែវ មកឱ្យ ក្រោយពេលជិះមកដល់ចំណុចជ្រុងខាង ត្បូង ផ្សារចាស់ ពួកខ្លួនបាននាំគ្នាកាប់ទៅ លើក្រុមជនរងគ្រោះ ប៉ុន្តែពួកគេគេចផុត ពួកខ្លួនក៏ដេញតាមកាប់ទៀត ស្រាប់តែពេលកំពុងធ្វើសកម្មភាព ក៏មាន ប៉ូលីសអន្តរាគមន៍មកដល់ ក៏ឃាត់ពួកខ្លួនទាំង ០៣នាក់ រួមទាំង កាំបិត ១ដើមតែម្តង ចំណែកបក្សពួក ៦នាក់.ផ្សេងទៀត បានរត់គេចខ្លួនបាត់តែម្តង។
ជនសង្ស័យ ២នាក់ ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់នឹងដោះលែង ម្នាក់ អាយុ១៣ឆ្នាំ តាមបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដោយឱ្យអាណាព្យាបាល ជាអ្នកមកធ្វើកិច្ចសន្យាធានាត្រឡប់ទៅផ្ទះវិញ៕SRP

