សម្ដេចហ៊ុន សែន សម្រេចឲ្យកីឡាករ កីឡាការិនី រងរបួស ដោយការប្រកួត ព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព មិនតម្រូវបង់ប្រាក់

0

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានប្រកាសថា
សម្រេចឲ្យកីឡាករ កីឡាការិនី រងរបួស ដោយការប្រកួត ព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដោយមិនតម្រូវបង់ប្រាក់។

ការប្រកាសធ្វើឡើងនៅថ្ងៃពុធនេះ តាមរយៈប្រព័ន្ធតេលេក្រាម ដែលអង្គភាពសៀមរាប៉ុស្ដិ៍ ទទួលបាន។

ខាងក្រោមនេះគឺជាសំណេររបស់សម្ដេចតេជោហ៊ុនសែន៖ បងប្អូនកីឡាករកីឡាការិនី!កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។

ក្រោយត្រូវរបួសបងប្អូនជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជន ដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ភរិយា ខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។

ដោយមើលឃើញនូវការលំបាកបែបនេះព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេង និងលោកជំទាវយក់ សម្បត្តិ
ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាលកីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិតេជោសន្តិភាពដែលមានចំនួនគ្រែពី១០០ ទៅ២០០គ្រែ។ ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។

សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។សូមកីឡាករ កីឡាការិនីទទួលយកនូវសេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕SRP